រដ្ឋសភាកម្ពុជា និងរដ្ឋសភាអាស៊ែបៃហ្សង់ បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែប្រសើរទ្វេឡើងថែមទៀត
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នឹម ច័ន្ទតារា អនុប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា និងជាប្រធានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា បានទទួលជំនួបក្រៅផ្លូវការអាហារពេលល្ងាចជាមួយ ឯកឧត្តម Ramin Alamshah oglu MAMMADOV សមាជិករដ្ឋសភា នៃប្រទេសអាស៊ែបៃហ្សង់។
ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ព្រមទាំងរដ្ឋសភា អាស៊ែបៃហ្សង់ រដ្ឋាភិបាល និងប្រជាជន ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទដ៏មានសារសំខាន់នេះ។
ឯកឧត្តមបានធ្វើការកោតសរសើរយ៉ាងខ្លាំងដែលបានឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសអាស៊ែបៃហ្សង់ ក្រោមការដឹកនាំដ៏ល្អឥតខ្ចោះរបស់រដ្ឋសភា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់។ ហើយនេះជាបេសកកម្មនៅក្រៅប្រទេសលើកដំបូងរបស់គណ:ប្រតិភូរដ្ឋសភាកម្ពុជា ចាប់តាំងពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ ហើយរដ្ឋសភាកម្ពុជាបានជ្រើសរើសមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ដោយសារតែ អាស៊ែបៃហ្សង់ (Azerbaijan) គឺជាមិត្តចាស់ និងយូរអង្វែងរបស់កម្ពុជា។
ឯកឧត្តមជម្រាបថា រដ្ឋសភាកម្ពុជាក៏បានបង្កើតក្រុមមិត្តភាពជាមួយរដ្ឋសភាអាស៊ែបៃហ្សង់ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកតាមរយៈវេទិកាសភាអន្តរជាតិIPU ឬអង្គការសមាជិកសភាដទៃទៀត។ ថ្មីៗនេះ រដ្ឋសភាកម្ពុជាបានទទួលលិខិតមួយច្បាប់ពីរដ្ឋសភាអាស៊ែបៃហ្សង់ ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការការទូតសភារបស់ប្រទេសទាំងពីរឱ្យបានហ្មត់ចត់ក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងសភាជាតិនៃប្រទេសទាំងពីរ។
ឯកឧត្តមបន្តថាភាគីកម្ពុជាត្រៀមចុះហត្ថលេខាលើ MOU ដ៏សំខាន់នេះជាមួយរដ្ឋសភា Azerbaijan ហើយរង់ចាំស្វាគមន៍ថ្នាក់ដឹកនាំរដ្ឋសភា Azerbaijan ទៅទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយប្រសិនបើអាចធ្វើទៅបាន ឯកឧត្តមបានស្នើដល់រដ្ឋសភាអាស៊ែបៃហ្សង់ធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅចន្លោះថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះដោយក្នុងអំឡុងពេលនោះរដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតអន្តរសភា (AIPA) នឹងសូមអញ្ជើញ Azerbaijan ធ្វើជាភ្ញៀវកិត្តិយសនៃមហាសន្និបាត AIPA លើកទី៤៣ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត សភាជាតិរបស់យើងទាំងពីរ ត្រូវរួមគ្នាពិចារណាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់របស់សភានៃប្រទេសទាំងពីរ លើវិស័យគណៈកម្មការជំនាញនៃរដ្ឋសភាទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើកម្រិតនៃលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ។