ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ជម្រុញអោយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ច ទប់ស្កាត់ បទល្មើសលួច ឆក់ ប្លន់ ដោយត្រូវអនុវត្តអោយបានដូចការហូបអាហារប្រចាំថ្ងៃ

214

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោក ជា ពិសីបានជម្រុញអោយ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពខណ្ឌទួលគោកត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ពិសេស ការពារទប់ស្កាត់អោយបាននូវ បទល្មើសលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន ខណៈដែលបទល្មើសទាំងនេះ ហាក់មានការកំរើកឡើងវិញ។
ការជំរុញបែបនេះរបស់លោក ជា ពិសី បានធ្វើឡើង នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី៣០ មិថុនាឆ្នាំ២០២២នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ,សង្កាត់ទាំង១០ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។
លោកជា ពិសី អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថា សម្រាប់គណៈបញ្ជាការឯកភាពខណ្ឌ ,គណៈបញ្ជាការឯកភាពសង្កាត់ទាំង១០ ត្រូវខិតខំអោយអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេស ការពារទប់ស្កាត់អោយបាននូវ បទល្មើសលួច ឆក់ ប្លន់ ដោយសារថា បទល្មើសទាំងនេះ ហាក់មានការកំរើកឡើងវិញនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោកជា ពិសី មានប្រសាសន៍បញ្ជាក់បន្ថែមថា កិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេស ទប់ស្កាត់អោយបាននូវ បទល្មើសលួច ឆក់ ប្លន់ នេះ កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចរបស់យើងត្រូវតែធ្វើអោយបានជាប្រចាំ ដោយត្រូវអនុវត្តអោយបានដូចយើងហូបអាហារប្រចាំថ្ងៃអញ្ចឹងដែរ ។ បន្ថែមពីនេះ អាជ្ញាធរខណ្ឌ សង្កាត់របស់យើងក៏ត្រូវតែចុះមើលផ្លូវជាប្រចាំផងដែរ ពោលគឺបើមានផ្លូវខូចត្រូវរាយការណ៍ ដើម្បីធ្វើការជួសជុលឡើងវិញ ហើយពេលមេឃភ្លៀងត្រូវនាំគ្នាចុះមើលនៅតំបន់ធ្លាប់លិចលង់ កាយសម្រាមចេញពីមាត់ លូ ប្រឡាយ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ។ទង្វើរ បែបនេះរបស់យើង នឹងធ្វើអោយប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅនិងជឿទុកចិត្តមកលើអាជ្ញាធររបស់យើង។
បន្ថែមពីលើនេះទៀត លោកជា ពិសី ក៏បានជម្រុញ ការដោះស្រាយជូនប្រជាពលរដ្ឋអោយបានលឿន ទៅតាមអ្វីដែលបានសន្យា ជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោត បើដោះស្រាយមិនទាន់បានត្រូវប្រាប់ពួកគាត់ ហើយក៏ត្រូវរាយការណ៍បន្តមកខណ្ឌផងដែរ ដើម្បីអោយខណ្ឌបន្តដោះស្រាយជូនពួកគាត់បានលឿន។
ក្នុងឱកាសនោះដែរ លោកជា ពិសី ក៏បានជម្រុញអោយ មន្ត្រីខណ្ឌ សង្កាត់ត្រូវបន្តការផ្សព្វផ្សាយអោយបានទូលំ ទូលាយ ដល់ប្រជាពលរដ្ឋអោត ទៅទទួល
ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដុសជម្រុញអោយបានគ្រប់គ្នា ពិសេសដុសទី៤និងទី៥ ដោយសារជម្ងឺនេះ ហាក់មានការកំរើកឡើងវិញហើយ ដែលជម្រុញអោយយើងគ្រប់គ្នា អនុវត្តអោយបាន ក្នុងកិច្ចការពារខ្លួនពិសេសអនុវត្ត ៣ការពារ ៣កុំ និងការចាក់វ៉ាក់សាំងអោយបានគ្រប់ដុស៕

អត្ថបទដែលជាប់ទាក់ទង