ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាអុកជនពិការ២រូបទៅហាត់ នៅឥណ្ឌូនេស៊ី ត្រៀមអាស៊ានប៉ារ៉ាហ្គេម

68

ភ្នំពេញ៖កីឡាករអុកពិការកម្ពុជា២រូបបានចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីហ្វឹកហាត់កីឡាអុកនៅទីនោះរយៈពេលមួយខែត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម។
លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថាការងារចាំបាច់មួយគឺថាកម្ពុជាត្រូវរៀបចំវិញ្ញាសាថ្មីៗក្នុងនោះគឺកីឡាអុកដែលប៉ារ៉ាឡាំពិកកម្ពុជាយើងអត់មានទេដូច្នេះប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនកីឡាករ២រូបយកទៅផ្ញើជាមួយប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ីរយៈពេល១ខែដើម្បីឲ្យពួកគាត់បានហ្វឹកហាត់អុកនៅទីនោះ។

ដោយឡែកចំពោះប្រតិភូដែលចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ីគឺដើម្បីចូលរួមសិក្ខាសាលានាយបេសកកម្មស្តីពីការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
លោកយីវាសនាមានប្រសាសន៍ថាសម្រាប់ការធ្វើដំណើរលើកទីមួយទៅប្រទេសឥណ្ឌូនេស៊ីនេះ យើងត្រូវចុះឈ្មោះប្រតិភូយើងជាបឋមជាមួយគណៈកម្មការរៀបចំនៅឥណ្ឌូនេស៊ី និងបច្ចេកទេសផ្សេងៗទៀត។

ប្រតិភូទៅចូលរួមសិក្ខាសាលានេះមានគ្នា៣នាក់ដែលមានរូបលោកជានាយកបេសកកម្ម និងនាយបេសកកម្មរង២នាក់ទៀត។
លោកអគ្គលេខាធិការបន្ថែមថាកម្ពុជានឹងធ្វើការចុះឈ្មោះបញ្ជីបឋមដើម្បីឲ្យប្រតិភូបានទៅឥណ្ឌូនេស៊ីគឺទី១ប្រកបដោយសុវត្ថិភាពទី២គឺការបង់ថ្លៃថវិកាដោយស្នើសុំម្ចាស់ផ្ទះឲ្យមានការបន្ធូរបន្ថយពីព្រោះប្រតិភូកម្ពុជាប្រហែលជាច្រើនជាងប្រតិភូប្រទេសដទៃស្របពេលកម្ពុជាត្រៀមខ្លួនធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ីនេះ កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡាទៅប្រកួត រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕

អត្ថបទដែលជាប់ទាក់ទង