ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្នប្រាំចំណុច របស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា ៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ុនណា ម៉ោងល្វីន និងឯកឧត្តម កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌។
នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា។
កិច្ចប្រជុំទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ (១) សារៈសំខាន់នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត (២) ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា (៣) ការតាមដានលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ ជាពិសេសភាពចាំបាច់ក្នុងការបង្ហាញប្រទេសសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិនូវវឌ្ឍនភាពដែលសកម្ម និងជាក់ស្តែងបន្ថែមទៀត នៅក្នុងការអនុវត្តក្របខ័ណ្ឌ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះ និង (៤) វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការវាយតម្លៃតម្រូវការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ ផងដែរ៕