រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការភ្លើងស្តុបថ្មីចំនួន ៤ទីតាំងទៀត ដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ
ភ្នំពេញ៖ រដ្ឋបាលរាជធានី ភ្នំពេញ ក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បាន និងកំពុងតម្លើងភ្លើងស្តុបថ្មីចំនួន ១០០ទីតាំងបន្ថែមទៀត ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ស្របពេលដែលរាជធានីភ្នំពេញកំពុងប្រឈមខ្លាំងនឹងការកកស្ទះខ្លាំង ។ ជាមួយគ្នានេះការបំពាក់កាំមេរ៉ាសុវត្ថិភាពក៏ត្រូវបានបំពាក់ព្រមគ្នាជាមួយភ្លើងស្តុបថ្មីនេះផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ពាក់ព័ន្ធទៅនឹងការតម្លើងភ្លើងស្តុបថ្មីនេះ នៅក្នុងសប្តាហ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ បានតំឡើងនិងដាក់អោយដំណើរការភ្លើងស្តុបថ្មី ចំនួន ៤កន្លែងបន្ថែមទៀតហើយ ក្នុងនោះរួមមាន ១-ភ្លើងស្តុប ប្រសព្វរវាងមហាវិថីព្រះសីហនុ និងមហាវិថីសុធារស ។
២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៥៦៦ ។ ៣-ភ្លើងស្តុប ប្រសព្វផ្លូវលេខ ២៧១ និងផ្លូវលេខ ២០០២។ ៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ៤ និងផ្លូវរោងចក្រ QMI។
លោកសាំ ពិសិដ្ឋប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានប្រាប់អោយដឹងហើយថា ការដាក់អោយដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏គ្រោងផលិតស្ពតជាវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ស្តុបថ្មី ផងដែរ ដោយសារភ្លើងស្តុបថ្មីនេះ ទំនើបមានលក្ខណៈពិសេស ខុសប្លែក ពីភ្លើងស្តុបចាស់ ។
សូមជម្រាបថា ប្រទេសជប៉ុន តាមរយៈអង្គការ JICA បានជួយជំនួយបង្គោលភ្លើងស្តុបថ្មី ដំបូងចំនួន ១០០ ដើម្បីតម្លើងក្នុងរាជធានីភ្នំពេញ ហើយបង្គោលភ្លើងស្តុបចាស់ៗ ដែលត្រូវបានដកចេញពីកន្លែងចាស់នោះ នឹងយកទៅតម្លើងនៅតំបន់ក្រៅរាជធានីវិញ ៕