ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់សកល៩រូប នឹងចេញទៅហាត់នៅថៃ

55

ភ្នំពេញ៖ ពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២ នេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាកររបស់ខ្លួន ចំនួន ៩រូប ទៅហាត់នៅថៃ ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា តាមគ្រោងទុកសហព័ន្ធនឹងបញ្ជូនកីឡាករដែលកំពុងហ្វឹកហាត់ទាំងអស់ ១២នាក់ ទៅហាត់នៅថៃ រយៈពេល២សប្ដាហ៍។ ប៉ុន្តែ ដោយសារមានកីឡាករ ៣រូប ដែលមិនមានលិខិតឆ្លងដែនទើបសហព័ន្ធសម្រេចបញ្ជូនចំនួន៩នាក់ដែលមានលិខិតឆ្លងដែនទៅហាត់ ហើយការហ្វឹកហាត់នេះ គឺហាត់ជាមួយក្រុមកីឡាករជម្រើសជាតិថៃតែម្ដង។ ក្រៅពីកីឡាករ ៩រូប ក៏មានគ្រូបង្វឹក ២រូប ចូលរួមធ្វើដំណើរទៅជាមួយដែរ។

អគ្គលេខាធិការខាងបានគូសបញ្ជាក់បន្ថែមថាទាក់ទងរឿងកីឡាករយើងមានរៀបចំ១២នាក់ សម្រាប់ការត្រៀមក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ បន្ថែមលើសពីនេះ យើងក៏មានកូនខ្មែរ-វៀតណាមម្នាក់ ដែលកំពុងហាត់នៅវៀតណាម និងកូនខ្មែរ-ថៃ ដែលកំពុងហាត់នៅថៃម្នាក់ដែរ។

ពេលនេះកំពុងស្នើសុំទៅកាន់ CAMSOC ដើម្បីយកគ្រូមកពីក្រៅប្រទេសបន្ថែម ហើយរឿងទៅហាត់នៅប្រទេសថៃនាពាក់កណ្ដាលខែកក្កដានេះសហព័ន្ធនឹងបញ្ជូនកីឡាករជម្រើសជាតិយើងទៅហាត់នៅថៃដើម្បីហ្វឹកហាត់ជាមួយកីឡាករជម្រើសជាតិថៃក៏ដូចជាហាត់ជាមួយប្រទេសដទៃផ្សេងទៀតនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង