ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួង ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម

142

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម អមដោយសហការី បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដែលកិច្ចជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីជំរុញឱ្យមានលំហូរវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ក្នុងការរៀបចំពិព័រណ៌ពិភពលោក ២០២០ ឌូបៃ ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានថ្លែងកោតសរសើរនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការរៀបចំឱ្យកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក លើការរចនាពន្លាជាតិល្អជាងគេ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានគាំទ្រលើគំនិតផ្តួចផ្តើមរបស់កម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារធំមួយ ដែលឈរក្នុងលំដាប់ទី២៦ សម្រាប់ការនាំចេញទំនិញមកពីកម្ពុជា។ បើផ្អែកតាមទិន្នន័យពាណិជ្ជកម្មកម្ពុជា ទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីត-១៩ក្ដី ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានប្រមាណ ១៥០លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនឡើង៥៣% ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ កម្ពុជានាំចេញមុខទំនិញទៅអេមីរ៉ាតអារ៉ាប់រួម ដូចជា៖ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ។ល។ ដោយឡែក ចំពោះការនាំចូលពីអេមីរ៉ាត អារ៉ាប់រួម មានដូចជា៖ ផលិតផលប្រេង ចំណីសត្វ ជី រ៉ែ ថ្នាំជក់ និងផលិតផលធ្វើពីសេរ៉ាមិក ជាដើម។

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិត Thani bin បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មយ៉ាងល្អរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់លើសក្ដានុពលកំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ហើយបានបង្ហាញពីឆន្ទៈ និងគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមមួយកម្រិតទៀត។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ និងបង្ហាញសុទិដ្ឋិនិយម ព្រមទាំងចក្ខុវិស័យរបស់ប្រទេសទាំងពីរ សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក តាមរយៈការធ្វើពិពិធកម្មទីផ្សារនាំចេញ រវាងប្រទេសទាំងពីរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើថែមមួយកម្រិតទៀត ជាពិសេសគឺបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្ពស់ជាងមុនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង