ការប្រកាសចាប់ផ្តើមកម្មវិធីប្រកួតរូបថតស្ដីពីបេតិកភណ្ឌវប្បធម៌នៅកម្ពុជា
ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រកាសចាប់ផ្តើមកម្មវិធីប្រកួតរូបថត និងអំពាវនាវ ដល់អ្នកស្នេហាវិស័យថតរូបទាំងអស់ នៅក្នុងប្រទេស ផ្ញើរូបថតជាស្នាដៃដើម របស់ខ្លួន ហើយដែលឆ្លើយតបយ៉ាងសក្តិសមបំផុត ទៅនឹងប្រធានបទ “បេតិកភណ្ឌវប្បធម៌” នៅកម្ពុជា។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីអបអរឆ្នាំនៃបេតិកភណ្ឌវប្បធម៌អឺរ៉ុប ៖ កម្មវិធីប្រកួត ក្រោមពាក្យស្លោកថា “បេតិកភណ្ឌរបស់យើង – អតីតកាលជួបអនាគតកាល” ត្រូវបានរៀបចំឡើង ដើម្បីជាផ្នែកមួយនៃការអបអរឆ្នាំនៃបេតិកភណ្ឌវប្បធម៌អឺរ៉ុប ហើយដែលមានការរៀបចំការប្រកួត ការតាំងពិព័រណ៌ និងព្រឹត្តិការណ៍ផ្សេងៗស្រដៀងគ្នានេះ មានរៀបចំឡើងទូទាំងពិភពលោក។
ក្នុងពិធីប្រកាសបើកការប្រកួតរូបថតនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar មានប្រសាសន៍ថា៖ “បេតិកភណ្ឌវប្បធម៌មានឥទ្ធិពល មកលើអត្តសញ្ញាណ និងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ បេតិកភណ្ឌវប្បធម៌ ស្ថិតនៅជុំវិញខ្លួនយើងទាំងអស់គ្នា នៅទីក្រុង ទីប្រជុំជន នៅតំបន់ទេសភាព ធម្មជាតិ និងទីតាំងបុរាណវិទ្យារបស់យើងទៀតផង។ បេតិកភណ្ឌវប្បធម៌ មិនត្រឹមតែមាននៅក្នុងអក្សរសាស្រ្ត សិល្បៈ និងវត្ថុផ្សេងៗរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងវិស័យសិប្បកម្ម ដែលយើងបានរៀនសូត្រ ពីដូនតារបស់យើង សាច់រឿងដែលយើងដំណាលប្រាប់ ដល់កូនចៅរបស់យើង អាហារដែលយើងបរិភោគ និងភាពយន្តដែលយើងមើល និងដែលតាមរយៈនេះយើងបានស្គាល់ខ្លួនយើង។ តាមរយៈកម្មវិធីប្រកួតនេះ យើងមានបំណងចង់ទាញ ការយកចិត្តទុកដាក់លើសារសំខាន់ នៃបេតិកភណ្ឌវប្បធម៌ ចំពោះរូបយើងទាំងអស់គ្នា ទាំងនៅសហភាពអឺរ៉ុប នៅកម្ពុជា ក៏ដូចជាទីកន្លែងផ្សេងទៀតនៅក្នុងពិភពលោក”។
កម្មវិធីប្រកួតរូបថតនេះ បើកឲ្យចូលរួមសម្រាប់មនុស្សគ្រប់គ្នា ដែលអាចផ្ញើររូបថត ដែលមានគុណភាពច្បាស់ និងជាស្នាដៃដើមរបស់ខ្លួន (ក្នុងទម្រង់ជា JPEG និងទំហំយ៉ាងហោចណាស់ ៥ មេហ្គាភិចសែល) ដែលបានថតដោយប្រើទូរស័ព្ទស្មាតហ្វូន ឬម៉ាស៊ីនថត ហើយក្នុងនោះ រង្វាន់ធំសម្រាប់ជ័យលាភី គឺប័ណ្ណដែលមានទឹកប្រាក់ចំនួន ៧០០ ដុល្លារ សម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ទៀតថា៖ “កម្ពុជា ជាប្រទេសមានប្រវត្តិសាស្ត្រ និងវប្បធម៌សម្បូរបែប។ យើងចង់បានរូបថត ដែលជាស្នាដៃដើម អាចប្រាប់ពីដំណើររឿងណាមួយ ឬជាអារម្មណ៍ណាមួយ ហើយផ្ដោតលើទិដ្ឋភាពនានា នៃវប្បធម៌របស់កម្ពុជា ក្នុងអត្ថន័យទូលំទូលាយបំផុត”។
ការប្រកាសឈ្មោះជ័យលាភី នឹងត្រូវធ្វើឡើងជាសាធារណៈនៅចុងខែវិច្ឆិកា។ ក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃទី៦ ខែធ្នូ ជ័យលាភីលេខ ១ នឹងទទួលបានរង្វាន់ជាប័ណ្ណដែលមានទឹកប្រាក់ ៧០០ ដុល្លារ សម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត ។ ចំណែកលេខ ២ នឹងទទួលបានប័ណ្ណដែលមានទឹកប្រាក់ ៦០០ ដុល្លារ ខណៈដែលលេខ ៣ ទទួលបានប័ណ្ណដែលមានទឹកប្រាក់ ៥០០ ដុល្លារ។
រូបថតរបស់ជ័យលាភីទាំងបីនាក់ និងរូបថតសម្រាំងល្អបំផុតចំនួន ១០ នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នានា ដែលរៀបចំដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។ កាលផុតកំណត់ចុងក្រោយសម្រាប់ការផ្ញើរូបថតដើម្បីចូលរួម គឺថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨៕