ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Naverra បោលបុកចូលផ្ទះលក់ក្តាមឈូសទាំងកណ្តាលយប់ បណ្ដាលឲ្យ​ក្រឡាប់ផ្ងាជើង អ្នកបើកបររងរបួស ប៉ូលីសឃាត់ខ្លួន

138

 

ភ្នំពេញ៖ រថយន្ត Nissan Naverra មួយគ្រឿងបានក្រឡាប់ផ្កាជើងនិងបានធ្វើអោយអ្នកបើកបររងរបួស ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿងនេះត្រូវបានម្ចាស់របស់វា ជ្រុលចង្កូតទៅបុកចូលផ្ទះលក់ក្តាមឈូសយ៉ាងពេញទំហឹងនោះ។

ហេតុការណ៍គ្រោះថ្នាក់នេះបានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ កាលពីវេលាម៉ោង​ជាង១០យប់ ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ43A.B លក់ក្ដាម​មឈូស​ យីហោ​ តាំង ហួរសែ(88) នៅតាមបណ្ដោយផ្លូវ២៣០ សង្កាត់ផ្សារដើមគរខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុ​ ខណៈមេឃកំពុងភ្លៀងរលឹម​ស្រិចៗ គេឃើញរថយន្តមួយគ្រឿង ម៉ាក Nissan Naverra ពណ៌ទឹកប្រាក់​ (អត់ពាកស្លាកលេខ) បើកបរដោយបុរសម្នាក់​ ទិសដៅពីកើតទៅលិច​ ក្នុងល្បឿនយ៉ាងលឿន​ លុះបើកបរមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកចំទ្វារផ្ទះលក់ក្តាមឈូសខាងលើ លាន់ដូចរន្ទះ​ និងខ្ទាតទៅបុករថយន្តកូរ៉េដឹកមឈូស​ ដែលចតនៅមុខផ្ទះកើតហេតុ បណ្ដាលឲ្យ​ក្រឡាប់​ផ្ងារជើង​ បណ្ដាលឲ្យអ្នកបើកបរថយន្តបង្ក​រងរបួសនិងបានធ្វើអោយម្ចាស់ផ្ទះកើតហេតុភ័យយ៉ាងខ្លាំង ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់និងបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុ យកទៅប៉ុស្តិ៍​ ដើម្បីសាកសួរ និងបានទាក់ទងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង រួចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ថា បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី  នៅត្រង់មាត្រាទី ៧៧ បានចែងថា ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹងដែលមានជាតិអាល់កុលចាប់ពី ០,40 (សូន្យក្បៀសសែសិប) មីល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,80 (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ ៨០០ ០០០ រៀល (ប្រាំបីសែនរៀល) ទៅ ៤០០០ ០០០ រៀល (បួនលានរៀល)។

មាត្រា៨៣ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឲ្យមានរបួសដល់អ្នកដទៃហើយបណ្ដាលឲ្យអ្នករងគ្រោះ អសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ គឺត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២០០០,០០០រៀល (ពីរលានរៀល)ទៅ ១០,០០០,០០០រៀល(ដប់លានរៀល)។

ច្បាប់នេះ នឹងចូលជាធរមាន នៅរាជធានីភ្នំពេញក្នុងរយៈពេល ១០ថ្ងៃ និងចូលជាធរមាន​នៅទូទាំងប្រទេសក្នុងរយៈពេល ២០ថ្ងៃ បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខារួច ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីច្បាប់នេះត្រូវបានព្រះមហាក្សត្រព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខា​រួចហើយ មិនយូរទេនឹងចាប់អនុវត្តនៅពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង