ផ្លែក្រូចវល្លិ៍យក្ស តំបន់អូសោម តម្រូវទីផ្សារក្នុងស្រុក ខ្ពស់ហើយ
ភ្នំពេញ៖ ផ្លែក្រូចវល្លិ៍យក្សតំបន់អូសោមស្រុកវាលវែងកំពុងចាប់ផ្ដើមប្រមូលផល និងមានរសជាតិជូរផ្អែមឆ្ងាញ់ ខណៈ បច្ចុប្បនុ្នដំណាំប្រភេទនេះកំពុងតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ និងមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពរាងកាយ។ លោក នួន លីម ម្ចាស់ចម្ការក្រូចវល្លិ៍យក្ស ដែលស្ថិត នៅក្នុងតំបន់អូសោម ស្រុកវាលវែង ខេត្តពោធិសាត់ បានបញ្ជាក់ឲ្យដឹងថ្ងៃទី០៦ កក្កដា ឆ្នាំ២០២២នេះថា៖ លោកបានចាប់របរដាំក្រូចវល្លិ៍នេះ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការក្នុងគ្រួសារ និងផ្គត់ផ្គង់ក្នុងខេត្ត ដោយមានឈ្នួញខ្លះបានចុះទៅទិញដល់ចម្ការតែម្តង។ លោកបន្តថា៖ សម្រាប់ពូជក្រូចវល្លិ៍យក្សនេះ គឺបានមកពីបងប្អូនជនជាតិរស់នៅលើខ្នងភ្នំដែលបានដាំតៗគ្នា និងត្រូវប្រើរយៈពេលដាំពី៨ ខែទៅ១ឆ្នាំ ទើបអាចទទួលបានផល ដោយក្នុងមួយដើមអាចប្រមូលផលបាន ប្រមាណ១០០ ផ្លែ ហើយក្នុងមួយផ្លែមានទម្ងន់ជិត១គីឡូក្រាមរហូតដល់២គីឡូក្រាម ។
លោកបានបន្ដថា៖ ក្នុងអំឡុងខែនេះ ក្រូចវល្លិ៍យក្សនេះបាននិងកំពុងចាប់ផ្ដើមប្រមូលផលហើយ ដោយមានរសជាតិជូរផ្អែមឆ្ងាញ់ មិនមាន ប្រើប្រាស់ជីគីមី ជាពិសេស វាគឺជាប្រភេទដំណាំផ្លែឈើ ដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ពីព្រោះក្រូចវល្លិ៍សម្បូរសារធាតុប្រឆាំងអុកស៊ីដកម្ម ជំរុញដល់ការផលិតស្រទាប់ខូឡាជែន ការពារស្បែកប្រឆាំងនឹងពន្លឺព្រះអាទិត្យ កាត់បន្ថយការឈឺចាប់ដែលទាក់ទងទៅនឹងជំងឺរលាកសន្លាក់ឆ្អឹង និងជួយសម្រកទម្ងន់។
លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រផ្លែក្រូចវល្លិ៍យក្សស្រុកវាលវែងឱ្យបានច្រើន ព្រោះថាដំណាំនៅស្រុកនេះមិនមានប្រើប្រាស់ជីគីមីអ្វីទេ គឺដាំដោយធម្មជាតិ ពិតៗ និងដើម្បីជួយលើកស្ទួយវិស័យកសិកម្មក្នុងស្រុកផង ជាពិសេសបានជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ សំសូមសំណូមពរជួយផ្សព្វផ្សាយបន្ត ដើម្បីឱ្យបងប្អូនយើង ពិសេសនៅតំបន់ភ្នំដែលធ្វើកសិកម្មនិង ឱ្យគេស្គាល់ឱ្យគេជួយគាំទ្រ ព្រោះផ្លែនេះយើងដាំមិនមានប្រើប្រាស់ជីគីមីអ្វីទេ វាធម្មជាតិសុទ្ធ១០០ ភាគរយ ហើយនៅខាងខ្ញុំនេះមានផាសសិនធម្មតា មានទុរេន ហើយសង្ឃឹមថាបងប្អូនយើងអាចចូលរួមគាំទ្រ ជាពិសេសផ្លែផាសិនយក្សព្រោះវាមានដំបូងគេនៅស្រុកខ្មែរ។
សូមបញ្ជាក់ថា លោក នួន លីម បានដាំដំណាំក្រូចវល្លិ៍ យក្សនេះ តាំងពីឆ្នាំ២០០៨ នៅ ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិសាត់ ហើយលក់តម្លៃបោះដុំក្នុង១គីឡូក្រាម ៥០០០រៀល និងលក់រាយ ៨០០០រៀល ៕. សំរិត