ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងប៉ាគីស្ថាន ពិនិត្យលទ្ធភាពក្នុងការបង្កើត ឲ្យមានជាអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ថែមមួយកម្រិតថែមទៀត

128

 

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម។

សម្ដេចក្រឡាហោម បានយកឱកាសនេះ ដង្ហែរតាមព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងអបអរសាទរឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម ដែលត្រូវបានតែងតាំងជាឯករដ្ឋទូតវិសាមញ្ញប្រចាំរាជាណាចក្រកម្ពុជា។ សម្ដេចបានជូនពរឯកឧត្ដមទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតដ៏ឧត្ដុង្គឧត្ដមនៅកម្ពុជា។

សម្ដេចការជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម នឹងបន្តរួមចំណែកកាន់តែខ្លាំងក្លាថែមទៀតដល់ការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជារឹតចំណងមិត្តភាពរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែប្រសើរឡើង និងជិតស្និទ្ធថែមទៀត។
សម្តេចក៏បានលើកឡើងថា នៅក្នុងប្រវត្តិនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប្រមាណ៧០ឆ្នាំមកនេះ តែងមានភាពល្អប្រសើរ ហើយសម្ដេចផ្ទាល់ក៏នឹងបន្តខិតខំរិះរកវិធីដើម្បីធ្វើយ៉ាងណាពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ផ្អែកទៅលើមូលដ្ឋាននៃទំនាក់ទំនងដ៏ល្អស្រាប់រវាងប្រទេសទាំងពីរផងដែរ។

សម្តេចក៏បានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូតដែរថា សម្ដេចបានដឹងថា ប្រជាជនប៉ាគីស្ថានប្រមាណជាង ៩០ភាគរយ ជាអ្នកកាន់សាសនាមូស្លីម ខណៈនៅកម្ពុជាក៏មានប្រជាពលរដ្ឋខ្មែរអ៊ិស្លាមផងដែរ។ សម្ដេចបន្តថា ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមក៏ បច្ចុប្បន្ននេះ ជាពិសេសនៅក្រោយឆ្នាំ១៩៧៩ រហូតមក បានរស់នៅយ៉ាងសុខដុមនៅក្នុងសង្គមជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាដទៃដទៃទៀត ហើយរាជរដ្ឋាភិបាលកម្ពុជាក៏យកចិត្តទុកដាក់ និងគិតគូរដល់ជីវិតរដ្ឋខ្មែរកាន់សាសនាឥស្លាមដូចប្រជាពលរដ្ឋខ្មែរដទៃទៀតផង នៅក្នុងសង្គម។
ជាការឆ្លើយតប ឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) អគ្គរដ្ឋទូតបានថ្លែងអំណរគុណសម្ដេច និងឯកភាពចំពោះការលើកឡើងរបស់សម្ដេច ជាពិសេសអរគុណចំពោះពាក្យពេចន៍របស់សម្ដេច ដែលបានលើកឡើងពាក់ព័ន្ធទៅនឹងទំនាក់ទំនងការទូត រយៈពេលប្រមាណ៧០ឆ្នាំ រវាងប្រទេសទាំងពីរ។

ឯកឧត្តមក៏បានលើកឡើងថាប្រទេសប៉ាគីស្ថាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតនៅក្នុងសកលលោកដែលបានទទួលស្គាល់នូវ អធិបតេយ្យភាពរបស់កម្ពុជាជាពិសេសមុនគេ ពិសេសនៅក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍។ ឯកឧត្ដមក៏យកឱកាសនេះថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្ដមក៏បានជម្រាបជូនដែរថា ក្នុងអាណត្តិនៃបេសកកម្មការទូតនេះ ឯកឧត្ដមនឹងបន្ត ធ្វើការជាមួយនឹងភាគីកម្ពុជា ក្នុងនោះក៏ខិតខំពង្រឹងនិងពង្រីកថែមទៀតនូវកិច្ចសហប្របត្តិការក្នុងក្របខ័ណ្ឌនៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃជាមួយនឹងភាគីប៉ាគីស្ថាន។
ឯកឧត្តម ក៏បានបង្ហាញនូវគំនិតផ្ដួចផ្ដើមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងក្រសួងពាក់ព័ន្ធរបស់ភាគីប៉ាគីស្ថាន ដោយក្នុងនោះភាគីទាំងពីរអាចពិនិត្យលទ្ធភាពក្នុងការបង្កើតឲ្យមានជាអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរថែមមួយកម្រិតថែមទៀត។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ឯឧត្តមអគ្គរដ្ឋទូត ក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌការងារ នៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងសមាសភាគីប៉ាគីស្ថាន ដោយសម្ដេចស្វាគមន៍នូវគំនិតផ្ដួចផ្ដើមនេះ និងស្នើដល់មន្ត្រី អ្នកអង្គភាពជំនាញនៃភាគីទាំងពីរបន្តពិនិត្យពិភាក្សាបន្ថែមទៅលើការងារនេះ។

សម្តេចក្រឡាហោម ស ខេង ជាថ្មីម្តងទៀតបានប្រកាសសូមស្វាគមន៍ឯកឧត្ដមឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem)ក្នុងអាណត្តិការទូតនៅកម្ពុជា ដោយសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការជជែកពិភាក្សាជាមួយឯកឧត្តមអគ្គរាជទូត លើបញ្ហានានានៅពេលអនាគត ប្រសិនមានតម្រូវការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង