សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត ឱ្យរដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតឱ្យឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ឯកឧត្តម សាលើមសៃ បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្ដេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជនលើការដឹកនាំនៅនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ។
ឯកឧត្តម សាលើមសៃ ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួលបានជោគជ័យ ហើយ ឯកឧត្តម សាលើមសៃ បានបន្តថា ប្រទេសឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាលើមសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយដល់ប្រទេសឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងទាំងវិស័យដទៃទៀត។ ឯកឧត្តម ក៏បានគោរពសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ធ្វើយ៉ាងណាឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងមុនពេលប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សាលើមសៃ ដែលបាននាំជូនសម្ដេចតេជោនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់ឯកឧត្តម សាលើមសៃ ចំពោះការសម្ដែងនូវការអបអរសាទរពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសក្នុងការស្វែងរកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ យើងគប្បីណារួមគ្នា វាយតម្លៃ និងដាក់ចេញនូវនយោបាយដែលជួយគ្នាទៅវិញទៅមក និងបំពេញឱ្យគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ៕