កីឡាការិនីអ៊ុក ស្រីមុំសង្ឃឹមទាំង២វិញ្ញាសា
ភ្នំពេញ៖បន្ទាប់ពីធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកកីឡាការិនីប៊ូលនិងប៉េតង់ជម្រើសជាតិកម្ពុជាអ៊ុកស្រីមុំបង្ហាញនូវក្ដីសង្ឃឹមខ្ពស់ទាំងពីរវិញ្ញាសាសម្រាប់ការចូលរួមប្រកួតកីឡាពិភពលោក (World Games) ឆ្នាំ២០២២នៅទីក្រុង Birmingham រដ្ឋអាលឡាបាម៉ា សហរដ្ឋអាមេរិក។
កីឡាការិនី រូបនេះបាននិយាយថា ទីលានប្រកួតគឺថ្មីសម្រាប់ខ្លួន ដោយសារដីខ្សាច់ និងលាយថ្មធំមួយៗប៉ុន្តែអាចទទួលយកបានទាំងរបៀបចូលនិងវាយ។កីឡាការិនីរូបនេះសង្ឃឹមខ្ពស់ទាំង២វិញ្ញាសាគឺវិញ្ញាសាវាយគូនារីដែលចាប់ដៃគូជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា និងវិញ្ញាសាឯកកត្តជនវាយយកពិន្ទុ។ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០២១បានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកមេដាយជូនប្រជាជនកម្ពុជា។
កញ្ញា គិន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងថា កម្ពុជាបានបញ្ជូនប្រតិភូកីឡាប៉េតង់ចំនួន៥នាក់ គឺកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដឹកនាំដោយកញ្ញាផ្ទាល់ ព្រមទាំងលោក ហៀន ថាវរ: មន្រ្តីសហព័ន្ធ និងលោក ចាន់ វិចិត្រ មន្រ្តីព័ត៌មាន។
កញ្ញា គិន សំណាង បញ្ជាក់ថា ការប្រកួតកីឡាពិភពលោកនេះមានប្រភេទកីឡាច្រើនចម្រុះ ប៉ុន្តែកម្ពុជាបានបញ្ជូនតែកីឡាប៉េតង់ចូលរួមប្រកួតប៉ុណ្ណោះ។ ការធ្វើដំណើរមិនមានបញ្ហាអ្វីទេ ប៉ុន្តែគ្រាន់តែត្រូវចំណាយពេលវេលាផ្លាស់ប្តូរជើងហោះហើរ២ទៅ៣ដងដោយសារអត់មាន
ជើងហោះហើរត្រង់។
ការចុះឈ្មោះ គឺក្រុមការងារ World Games រៀបចំបានល្អសម្រាប់ប្រតិភូ និងកីឡាការិនីកម្ពុជា។ កន្លែងស្នាក់នៅ គឺស្ថិតនៅសកលវិទ្យាល័យ អាលឡាបាម៉ា ក្នុងទីក្រុង Birmingham។អត្តពលិកកម្ពុជាបានត្រៀមខ្លួនយ៉ាងល្អដើម្បីដណ្តើមមេដាយមាសនាំកិត្យានុភាពជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក ជាពិសេសបង្ហូតទង់ជាតិកម្ពុជា។
សូមបញ្ជាក់ថា ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ ធ្វើនៅទីក្រុង Birmingham សហរដ្ឋអាមេរិក មានប្រទេសជាង១០០ ជុំវិញពិភពលោកចូលរួម ប្រកួតលើ៣៣ប្រភេទកីឡា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះកីឡាប៉េតង់កម្ពុជា ត្រូវបានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក អញ្ជើញចូលរួមជាលើកដំបូង៕