គន្លឹះ៤ ដើម្បីរៀបចំស៊ីហ្គេម បានជោគជ័យ
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវគោលការណ៍និងអនុសាសន៍សំខាន់៤ចំណុចដើម្បីឲ្យទទួលបានជោគជ័យក្នុងនាមកម្ពុជាទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
សម្ដេចថ្លែងបែបនេះក្នុងឱកាសពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ថ្ងៃចន្ទ ទី១១ ខែកក្ដដា ឆ្នាំ២០២២ ម្សិលម៉ិញនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«១-គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា។ គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឲ្យបានរួចរាល់ និងទាន់ពេលវេលា ពិសេសការងារ ដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួត។ រៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា JMS។ ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម។ ជាមួយនេះត្រូវជំរុញឲ្យបានខ្លាំងថែមទៀត ក្នុងការអភិរក្ស កម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុន ឥណ្ឌូណេស៊ី ដែលមានឈ្មោះថាស៊ីឡាដែលទទួលបានការឯកភាពជួយពីឯកឧត្ដមរដ្ឋមន្រ្តីការពារជាតិនៃប្រទេស ឥណ្ឌូណេស៊ី និងកីឡា យូដូ ពីអតីតឯកឧត្ដមអគ្គរដ្ឋទូតជប៉ុន។
២-អំពាវនាវសាជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការប្រជាជនម្នាក់ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។ កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀននិងកីឡារស់ក្នុងសន្តិភាព ឲ្យបានផុលផុសទាំងក្នុង និងក្រៅប្រទេស។
៣-ស្នើដល់ក្រសួងអប់រំយុវជននិងកីឡាពិនិត្យលទ្ធភាពពន្យារពេលវិស្សមកាលតូច
ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសឲ្យសិស្ស និស្សិត ចូលរួមបម្រើការងារស្ម័គ្រចិត្ត និងចូលរួមអបអរសាទរ លើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។
៤-អំពាវនាវបណ្ដាប្រទេសសមាជិកស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមមេត្តាផ្ដល់នូវការគាំ
ទ្រលើគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីការរៀបចំការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឲ្យទទួលបានជោគជ័យខ្ពស់»។
កិច្ចប្រជុំដែលនឹងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា។សម្តេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាននិងជាសមាជិកគណៈកម្មការចំពោះកិច្ចសហការក្នុងការរៀបចំកិច្ចប្រជុំ
ក្រុមប្រឹក្សានេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ទៀតថា៖ «ឆ្នាំ២០២២-២០២៣ នេះ គឺជាឆ្នាំដ៏មានសារសំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងនាមជាប្រធានប្ដូរវេននៃស្ថាប័នតំបន់ទាំងពីរកម្ពុជាមានការតាំងចិត្តខ្ពស់ឈរលើគោល
ការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាននិងស្មើមុខស្មើមាត់រួមចំណែករាល់ការដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ដើម្បីធានាសុខសន្តិភាពសុខដុមនីយកម្មនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយសំដៅជម្រុញល្បឿននៃការអភិវឌ្ឍសម្រាប់ជោគវាសនា និងវិបុលភាពរួម»។
វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រៀងរាល់២ឆ្នាំម្ដង ឆ្លុះបញ្ជាំងឲ្យឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសជាសមាជិកទាំងអស់។ជាងនេះទៀតវិស័យកីឡាក៏ជាការផ្ដល់ឱកាសនូវការផ្លាស់ប្ដូរទាំង
បច្ចេកទេសបទពិសោធន៍ក្នុងការប្រកួតកីឡាដែលជាមរតកនិងជាសិល្បៈការពារខ្លួនរបស់ប្រជាជាតិនីមួយៗ។
ការប្រកួតជាលក្ខខណៈអន្តរជាតិនេះក៏ជាការបំផុសស្មារតីមហាជនឲ្យកាន់តែស្រលាញ់និងគាំទ្រវិស័យកីឡាហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗ ឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។
កីឡាក៏រួមចំណែកដល់ការរក្សាបានសុខភាពល្អដែលជាកត្តាកំណត់នៃផលិតភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋដែលមានសុខភាពល្អ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ និងមានការតាំងចិត្តខ្ពស់ក្នុងការបង្កើនមូលធនមនុស្សដែលរួមចំណែកដល់ការផ្គត់ផ្គង់កម្លាំង
ពលកម្មមានគុណភាពខ្ពស់។
នៅថ្ងៃដំបូងនៃកិច្ចប្រជុំ ក៏មានការប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម យី វាសនា។ បន្ទាប់មក នឹងមានដំណើរទស្សនកិច្ចពហុកីឡដ្ឋានជាតិ និងទស្សនកិច្ចពហុកីឡដ្ឋានជាតិមរតកតេជោ៕