ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណុចសំខាន់២ដែលភ្ញៀវ កីឡាទាំង១១ប្រទេស ផ្ដោតការយកចិត្តទុកដាក់

92

ភ្នំពេញ៖ក្នុងការប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍និងអាស៊ានប៉ារ៉ាហ្គេមកាលពីម្សិលម៉ិញបណ្ដាប្រទេសជាសមាជិកទាំងអស់បានផ្ដោតការយកចិត្តលើចំណុចសំខាន់ចំនួន២។
នេះបើតាមការអះអាងរបស់ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ចំណុចសំខាន់ទាំង២នោះមានទី១-ផ្ដោតលើកិច្ចសហប្រតិបត្តិការ រវាងម្ចាស់ផ្ទះ ជាមួយបណ្ដាប្រទេសសមាជិកទាំងអស់។

តើកិច្ចសហប្រតិបត្តិការនោះ បែងចែកតួនាទី ភារកិច្ចគ្នាយ៉ាងដូចម្តេច ធ្វើឲ្យសមស្របទៅនឹងដំណើរការ ដែលធ្លាប់ធ្វើរួចមកហើយ។
ទី២-ផ្ដោតលើការវាយតម្លៃពីការរៀបចំរបស់ម្ចាស់ផ្ទះ ដែលជាការផ្ដល់នូវគុណតម្លៃបន្ថែម ដល់យើងជាម្ចាស់ផ្ទះ ផ្នែកខាងកីឡាជនមានពិការភាព លើកទី១២ សម្រាប់ឆ្នាំ២០២៣ របស់យើង។

ឯកឧត្តមបន្ដថាកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា(APSF)បានសម្រេជោគជ័យលើសពីការរំពឹង និងទទួលបានការគាំទ្រខ្ពស់ពីបណ្ដាប្រទេសសមាជិក ក៏ដូចជាការ សន្យាជួយដល់ការខ្វះខាតរបស់កម្ពុជាទៀតផង។
ទន្ទឹមជាមួយគ្នាប្រតិភូកីឡាអាស៊ានប៉ារ៉ាដែលបានចូលរួមកិច្ចប្រជុំបានសម្ដែងការភ្ញាក់ផ្អើលនិងរំភើបរីករាយជាខ្លាំងបន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីក្នុងនាមសម្ដេចជានប្រធានប្ដូរវេននៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាបានផ្ដល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់និងមានតម្លៃ សម្រាប់លើកកម្កើងនូវការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាឲ្យកាន់តែមានគុណតម្លៃ និងមានភាពកក់ក្ដៅ សម្រាប់ប្រតិភូ និងសមាជិកទាំងអស់។

ក្រៅពីរបៀបវារៈសំខាន់ៗទាំងពីរខាងលើកិច្ចប្រជុំបានពិភាក្សាគ្នាទៅលើគម្រោងនៃការរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ដោយកម្ពុជាគ្រោងរៀបចំឲ្យមានការប្រកួត ១២ប្រភេទកីឡា រៀបចំកន្លែងស្នាក់នៅហូបចុកនៅក្នុងភូមិកីឡាបង្ហាញពីទីលានប្រកួតនិងបង្ហាញពីការយកចិត្តទុកដាក់ ចំពោះជនពិការ ។ អ្វីដែលពិសេស ក្នុងនាមម្ចាស់ផ្ទះលើកដំបូង ប្រទេសទាំងអស់ បានសន្យានឹងជួយដល់កម្ពុជាឲ្យអស់ពីសមត្ថភាព តាមសំណូម ពរខាងផ្នែកបច្ចេកទេស ដើម្បីជំរុញព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ។
បណ្ដាប្រទេសជាសមាជិកសង្ឃឹមថាពេលធ្វើការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសកម្ពុជា នឹងទទួលបានជោគជ័យ ហើយគេយល់ថា កម្ពុជាបានបង្ហាញគេ អំពីភាព ភាពច្បាស់លាស់និងរួចរាល់ក្នុងការទទួលធ្វើម្ចាស់ផ្ទះនៅខ្វះខាតបន្ដិចបន្ដួចខាងកិច្ចប្រជុំបច្ចេកទេសប៉ុណ្ណោះ។

ការគាំទ្រទាំងអស់នេះ បានធ្វើឲ្យមានមោទនភាព ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការរៀបចំនេះ។ ប្រទេសទាំងអស់ ក៏ដូចជាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា ក៏បានសន្យាថា នឹងជួយដល់ការខ្វះខាតរបស់កម្ពុជាផងដែរ»។
នេះគឺជាជោគជ័យមួយក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាទោះបីនៅមានចំណូមពរបន្ដិបន្ដួចក៏ដោយ។ឯកឧត្តមសង្កត់ធ្ងន់ថា៖«យើងបានទទួលនូវភាពកក់ក្ដៅអស់ហើយ ហើយទទួលបានជោគជ័យជាងការគ្រោងទុក ដែលយើងថា យើងអាចនឹងមានបញ្ហាខ្លះនៅក្នុងការដាក់ចេញនូវយន្ដការរបស់ម្ចាស់ផ្ទះទៅប្រទេសជាសមាជិកទាំងអស់។ តែអ្វីដែលយើងទទួលបាន គឺជោគជ័យដោយរលូន មានភាពកក់ក្ដៅ និងមានការកោតសរសើរពីប្រទេសទាំងអស់ថែមទៀត»៕

អត្ថបទដែលជាប់ទាក់ទង