ក្រសួងសាធារណការ ហាមមិនអនុញ្ញាតឱ្យធ្វើចរាចរ យានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសេចក្ដីជូនដំណឹង ស្ដីពី ការហាមមិនអនុញ្ញាត្តឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយគម្រោងនេះបាននឹងកំពុងដំណើរការសាងសង់មិនទាន់បញ្ចប់ទាំងស្រុង ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន និង ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) បាន និងកំពុងដំណើរការសាងសង់ មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។ បច្ចុប្បន្ន ការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះ មានការកើន ឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។ ដើម្បីជៀសវាងការរំខានដល់ដំណើរការ សាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការ ធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើ ការងារឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និង ដឹកជញ្ជូន ចាប់ពីពេលជូនដំណឹងនេះតទៅ។
ទទួលបានសេចក្ដីជូនដំណឹងនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជា ព័ត៌មាន និងយោគយល់ចូលរួមអនុវត្តទាំងអស់គ្នា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕