ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៏ បានអះអាងថា កម្ពុជាត្រូវរង់ចាំយ៉ាងហោចណាស់ក៏៤ឆ្នាំទៀតដែរ ដើម្បីស្តារស្ថាន ភាពភ្ញៀវទេសចរអន្តរជាតិ ឲ្យវិលត្រលប់មកដូចដើមវិញ

56

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៏បាន អះអាងថា កម្ពុជាត្រូវរង់ចាំយ៉ាងហោចណាស់ក៏៤ឆ្នាំទៀតដែរ ដើម្បីស្តារស្ថានភាពភ្ញៀវទេសចរអន្តរជាតិ ឲ្យវិលត្រលប់មកដូចដើមវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ១៩ ខណៈភាពរាំងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់សកលលោក។ នេះបើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។

យ៉ាងហោចណាស់ កម្ពុជា ត្រូវចាំអ៊ុតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាព និងចំនួន ភ្ញៀវទេសចរអន្តរជាតិវិល ទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មាន វិបត្តិជំងឺកូវីដ១៩រីករាលដាល ខណៈភាពរាំងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយ សារវិបត្តិធំៗរបស់សកលលោក។
នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២- ២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ។
លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា «វិស័យទេសចរណ៍កម្ពុជាមានចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយមថា នឹងអាចវិលទៅរកសភាពប្រហាក់ប្រហែលនឹងស្ថានភាពទេសចរណ៍ឆ្នាំ២០១៩វិញ នៅក្នុងឆ្នាំ២០២៦»។
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា សម្ពាធពីកត្តាខាងក្រៅមួយចំនួនដែលយើងកំពុងជួបនោះ មានដូចជាចរន្តនៃការធ្វើដំណើរទេសចរចេញក្រៅសំខាន់ៗ លទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោលនយោបាយគ្មានកូវីដ-១៩ (Zero-COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខ ឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែន ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្វើឱ្យមានការថមថយអំណាចទិញ គឺសុទ្ធបានជំរុញឱ្យមានការផ្លាស់ប្តូរគោលដៅនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ម្យ៉ាងទៀត ការប្រកួតប្រជែងស្រួចស្រាលពីប្រទេសជិតខាងដែលជាគោលដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នា និងការផ្លាស់ប្តូរឥរិយាបទនៃការធ្វើដំណើររបស់ទេសចរជាសកលផងនោះ ក៏ជាកត្តារួមចំណែករាំងស្ទះក្នុងការទាក់ទាញកំណើននេះដែរ។ សម្ពាធពីកត្តាខាងក្រៅទាំងនេះហើយដែលអាចនឹងធ្វើឱ្យចក្ខុវិស័យទេសចរណ៍មានការប្រែប្រួល អាចឈានដល់ការពន្យារពេលនៃការងើបទ្បើងវិញទៅរកស្ថានភាពប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលត្រូវពន្យារពេលដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧។
ទោះបីជាកម្ពុជាទទួលរងនូវវិបត្តិសកល លោកយ៉ាងនេះក្ដី ប៉ុន្តែជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់កម្ពុជាពិតជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ គួបផ្សំនឹងការដាក់ចេញនូវគោលនយោបាយជំនួយសេដ្ឋកិច្ច-សង្គមទាន់ពេលវេលា រួមមាន គោល នយោបាយលើកលែងពន្ធអាករ ការលើក លែងកម្រៃអាជ្ញាបណ្ណទេសចរណ៍ និងកម្មវិធីជំនួយសាច់ប្រាក់ដល់ជនក្រីក្រផងនោះ ពិតជាធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយប្រកបដោយសុវត្ថិភាព និងបៃតងក្នុងតំបន់ និងសកលលោក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងតំបន់ដែលបានមានលក្ខខណ្ឌធ្វើដំណើរចេញ-ចូលប្រទេសមានភាពងាយស្រួល និងធានាបាននូវសុវត្ថិភាពជូនទេសចរជាតិ-អន្តរជាតិ។
លោកបានលើកឡើងទៀតថា ស្ថិតក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់នេះ ការចូល រួមមិនអាចខ្វះបានរបស់គ្រប់ភាគីពាក់ព័ន្ធ ដោយឈរលើគោលការណ៍ចតុភាគីរដ្ឋ-ឯកជន-ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ-ដៃគូនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នឹងក្លាយជាចលករក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យវិលមករកភាពដើមវិញ ស្របតាមចក្ខុវិស័យដែលបានចែងក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។
សូមរំលឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦.៦លាននាក់ កើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨ ប៉ុន្តែដោយសារនាពេល បន្ទាប់កម្ពុជាត្រូវជួបនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរក៏ត្រូវធ្លាក់ចុះជាលំដាប់ ជាក់ស្ដែងនៅឆ្នាំ២០២០ មានភ្ញៀវអន្តរជាតិតែ១.៣លាននាក់ ធ្លាក់ចុះ-៨០.២% ហើយនៅឆ្នាំ២០២១ ទទួលបាន១៩ម៉ឺននាក់ ថយចុះ-៨៥%។ ទាំងនេះគឺដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ហើយមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំចុង ក្រោយ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ -៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ)។ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង