កម្ពុជាទទួលបានសិទ្ធិ លក់ការផ្សាយ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ ៖បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF Coordination Meeting) និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting)ពីថ្ងៃទី១១ដល់១៣ខែកក្កដាឆ្នាំ២០២២កម្ពុជាទទួលបានសិទ្ធិទាំងស្រុងដើម្បីលក់ការផ្សាយទៅប្រទេសអាស៊ានអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទូលំទូលាយ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣បានឲ្យដឹងថានេះជាដំណឹងគួរឲ្យរីករាយដោយប្រទេសទាំងអស់បានអនុញ្ញាតឲ្យកម្ពុជាទទួលបានសិទ្ធិពេញលេញក្នុងការលក់សិទ្ធិផ្សាយ ដែលនេះជាការសន្សំសំចៃ និងរកចំណូលខ្លះបានសម្រាប់កម្ពុជា។
ឯកឧត្ដមអគ្គលេខាធិការមានប្រសាសន៍ថាកម្ពុជាទទួលបានការគាំទ្រខាងផ្នែកលក់
សិទ្ធិទូរទស្សន៍ដើម្បីផ្សព្វផ្សាយពីប្រទេសទាំងអស់ដែលបានឯកភាពផ្ដល់សិទ្ធិឲ្យគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)ផ្ដល់ឲ្យគណៈកម្មាធិការជាតិអូឡាំពិកលក់សិទ្ធិផ្សាយទៅប្រទេសផ្សេងៗទៀត។ ពីមុនមកគឺអត់ដែលមានទេ គឺថាចែកដោយឥតគិតថ្លៃ ។ ការធ្វើបែបនេះ វាអត់ទទួលបានចំណូល។
កម្ពុជាអត់សម្បូរទេប៉ុន្តែកម្ពុជាមានរបៀបធ្វើការមួយថាអាចយកចំណូលបានពីការលក់សិទ្ធិផ្សាយនេះ។ដូច្នេះកម្ពុជាត្រូវតែសន្សំសំចៃហើយត្រូវកៀរគររកប្រភពចំណូលឲ្យបានច្រើនក្នុងពេលដែលកម្ពុជាធ្វើស៊ីហ្គេមនេះ ដើម្បីជួយកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល។
ប្រទេសទាំងអស់បានអបអរសាទរហើយអាចយកគំរូពីកម្ពុជាទៅហើយពេលប្ដូរវេនពី
កម្ពុជាទៅគេលក់សិទ្ធិដែរ។អីចឹងនេះហើយគឺជាជោគជ័យរបស់យើងដែលយើងបានទទួលបានក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងឈ្លាសវៃរបស់ឯកឧត្ដមបណ្ឌិតថោង ខុនគឺបានសម្រេច
ដោយឯកច្ឆន្ទក្នុងពេលនេះ។
ឯកឧត្ដមបន្ថែមថាក្នុងកិច្ចប្រជុំនេះដែរកម្ពុជាទទួលបានជោគជ័យក្នុងអាណត្តិឯកឧត្ដមបណ្ឌិត ថោង ខុន ជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នេះគឺ ឯកឧត្ដមបានសម្រេចគោលដៅដោយកំណត់ប្រទេសត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ស៊ីហ្គេម៥
លើកបន្ទាប់។ ឆ្នាំ២០២៥ អនុម័តធ្វើនៅប្រទេសថៃ ឆ្នាំ២០២៧ នៅម៉ាឡេស៊ី ឆ្នាំ២០២៩ នៅសិង្ហបុរី និងឆ្នាំ២០៣១ នៅឡាវ ហើយ២០៣៣ នៅហ្វីលីពីន៕