ប៉េតង់កម្ពុជាដណ្ដើម បានមេដាយមាសមួយគ្រឿងទៀត លើវិញ្ញាសា២ទល់២
ភ្នំពេញ៖ទង់ជាតិកម្ពុជាទី២បានបង្ហូតលើទឹកដីអាមេរិកបន្ទាប់កីឡាការិនីប៉េតង់កម្ពុជា កីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ាបានឈ្នះលើវិញ្ញាសា២នាក់ទល់២នាក់ក្នុងព្រឹត្តិការណ៍ The World Games Games 2022 នាទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។
កីឡាការិនីកម្ពុជាទាំង២រូបនេះបានយកឈ្នះក្រុមកីឡាការិនីបារាំង NadegeBAUSSIAN និង Caroline Marie BOURRIAUD ដោយពិន្ទុ ៧ទល់៥ លើវិញ្ញាសាវាយគូ ២នាក់ ទល់ ២នាក់ នៅវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះ (ម៉ោង នៅកម្ពុជា)។
សូមបញ្ចាក់ថា វិញ្ញាសាវាយគូនារីនេះ គឺមានបេក្ខភាព ៨ក្រុមចូលរួម ដោយបែងចែកជា ២ពូល ក្នុងនោះកម្ពុជាស្ថិតក្នុងពូល A ជាមួយបារាំង កាណាដា និងដាណឺម៉ាក ឯពូល B មានអាល្លឺម៉ង់ ប៊ែលហ្ស៊ិក ថៃ និងម្ចាស់ផ្ទះអាមេរិក។ រូបមន្ដប្រកួត គឺប្រើប្រព័ន្ធប្រកួតវិលជុំក្នុងពូលនីមួយៗហើយក្រុមឈរលេខ១ក្នុងពូលត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមឈរលេខ២ និងលេខ៣ នៃពូលនីមួយៗ ត្រូវជួបគ្នា ដើម្បីរកអ្នកឈ្នះឡើងបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
លទ្ធផលនៃការប្រកួតជុំដំបូងក្រុមកីឡាការិនីកម្ពុជាបានយកឈ្នះក្រុមកីឡាការិនីដាណឺម៉ាកក្នុងេពិន្ទុ ១៣ទល់៥ តែបានចាញ់បារាំង៧ទល់៩។ កត្តានេះហើយដែល នាំឲ្យកម្ពុជា ឲ្យជួបក្រុមដាណឺម៉ាកជាថ្មី តែកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បន្ដធ្វើបានយ៉ាងល្អ ដោយបន្ដយកឈ្នះក្រុមដាណឺម៉ាកក្នុងពិន្ទុ១៣ទល់៤ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមបារាំង ដែលឈរលេខ១ ក្នុងពូល។ រីឯពូល B គឺមានក្រុមថៃ ឈរលេខ១ និងអាល្លឺម៉ង ឈរលេខ២។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមកីឡាការិនីកម្ពុជា បានបង្កការភ្ញាក់ផ្អើល ដោយបានយកឈ្នះក្រុមខ្លាំងថៃ ដោយពិន្ទុ ១២ទល់១០ ហើយឡើងទៅជួបក្រុមបារាំង ជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្របន្ទាប់ពីបារាំងបានយកឈ្នះក្រុមអាល្លឺម៉ង់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ដោយពិន្ទុ ១៣ទល់៣នោះ។
ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីឆ្នើមរបស់កម្ពុជា អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានធ្វើឲ្យក្រុមកីឡាការិនីបារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ខកចិត្តវិញ បន្ទាប់ពីក្រុមកម្ពុជា សងសឹកបានវិញ ជាមួយការយកឈ្នះក្នុងលទ្ធផល ៧-៥ពិន្ទុ ដើម្បីគ្រងមេដាយមាស លើវិញ្ញាសាវាយគូនារី ២នាក់ ទល់ ២នាក់ នៃព្រឹត្តិការណ៍ The World Games 2022 នៅអាមេរិក ដ្បិតកាលពីវគ្គសន្សំពិន្ទុក្នុងពូល កម្ពុជា បានចាញ់បារាំង ៩-៧ពិន្ទុ។
មេដាយមាសទី២នៃការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាពិភពលោកឆ្នាំ២០២២ខណៈមេដាយមាសទី១គឺដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាវាយយកពិន្ទុ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១ទល់២១ពិន្ទុ កាលពីម្សិលមិញ៕