ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចំនួន៧ ដែលប្រកាសពីការ ចូលរួមប្រកួតល្បុក្កតោ នៅឆ្នាំ២០២៣

70

ភ្នំពេញ៖យ៉ាងហោចណាស់ក៏មានប្រទេសចំនួន៧ដែរនៅក្នុងតំបន់អាស៊ានដែលបានអះងាងថានឹងចូលរួមប្រកួតគុនល្បុក្កតោដែលបានដាក់បញ្ចូលក្នុងចង្កោមយុទ្ធគុនចម្រុះសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា ពេលនេះ មានប្រទេស៦ទៅ៧ហើយត្រៀមចូលរួមប្រកួតកីឡាគុនល្បុក្កតោដែលត្រូវបានដាក់បញ្ជូលក្នុងចង្កោមនៃយុទ្ធគុនចម្រុះ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះជាការបញ្ជាក់របស់ឯកឧត្តមអគ្គលេខាធិការ នៅក្រោយពេលបញ្ចប់កិច្ចពិភាក្សា និងចុះហត្ថលេខាជាមួយតំណាងសមាគមកីឡាបញ្ចសិលាឥណ្ឌូណេស៊ីនិងតំណាងស្ថានទូតឥណ្ឌូណេស៊ីក្នុងការផ្លាស់ប្តូរការនៃហ្វឹហាត់គុនល្បុក្កតោនិងបញ្ចសិលានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ត្រានៃដំណើរការផ្លាស់ប្តូរគ្នារវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជានិងបញ្ចសិលារបស់ឥណ្ឌូណេស៊ីហើយបានកំណត់ពេលវេលាក្នុងការ
បញ្ជូនក្រុមកីឡាករកីឡាការិនីកម្ពុជាចេញទៅហ្វឹកហាត់កីឡាបញ្ចសិលានិងរៀបចំគ្រូបង្វឹកកីឡាគុនល្បុក្កតោរបស់កម្ពុជាទៅបង្ហាត់ដល់កីឡាករកីឡាការិនីឥណ្ឌូណេស៊ីដែលក្បាច់គុនទាំងពីរនេះនឹងត្រូវរៀបចំការប្រកួតនៃយុទ្ធគុនចម្រុះ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

នេះជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់កម្ពុជាក្នុងការបញ្ជ្រាបក្បាច់គុនព្រលឹងជាតិមួយនេះទៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលឥណ្ឌូណេស៊ីនឹងបង្កើតឲ្យមានជាសហព័ន្ធកីឡាគុន
ល្បុក្កតោឥណ្ឌូណេស៊ី។

ឯកឧត្តមចាត់ទុកថានេះក៏ជាការពង្រីកសក្តានុពលរបស់គុនល្បុក្កតោកម្ពុជាបន្ថែម
ទៀត ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការត្រៀមរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយពេលនេះមាន៦ទៅ៧ប្រទេសហើយ។

នាដើមខែសីហាខាងមុខនេះកម្ពុជានឹងបញ្ជូនអត្តពលិកចំនួន៣០នាក់ទៅហ្វឹកហាត់
បញ្ចសិលានៅឥណ្ឌូណេស៊ីរហូតដល់ជិតស៊ីហ្គេម២០២៣តែម្តង។ដើម្បីពង្រឹងគុណភាពទាំងការរៀបចំ និងបច្ចេកទេសរបស់អត្តពលិកឲ្យបានជោគជ័យ។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអះអាងពីផែនការ នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ កម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាជើងឯកគុនល្បុក្កតោ និងបញ្ចសិលាអាស៊ីអាគ្នេយ៍ ដើម្បីតេស្តសមត្ថភាពកីឡាករកីឡាការិនីនិងមន្ត្រីរៀបចំការប្រកួតនៃប្រភេទកីឡាយុទ្ធគុនទាំងពីរនេះឲ្យកាន់តែជាក់ច្បាស់ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាផងនោះ ក៏បានបង្ហាញពីការពិភាក្សាគ្នាយ៉ាងលម្អិតនិងបានឯកភាពគ្នាក្នុងការត្រៀមរៀបចំការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីកម្ពុជា អំឡុងពេលហ្វឹកហាត់នៅឥណ្ឌូណេស៊ី។

នេះជាលទ្ធផលផ្លែផ្កាដើម្បីគាំទ្រដល់ដំណើរការហ្វឹកហាត់ឲ្យរលូនបន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែមុនរវាងកម្ពុជានិងប្រធានសហព័ន្ធកីឡាបញ្ចសិលាពិភពលោកនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីនៅក្នុងជំនួបសវនការជាមួយសម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង