គណៈប្រតិភូលេខាធិការដ្ឋានក្រុមការងារមេគង្គ-ឡានឆាង (LMC) ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំការផ្តួចផ្តើមប្រតិបត្តិការរួមគ្នាស្តីពី ”ការបោសសម្អាតអាវុធ”
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្តីទី បានដឹកនាំគណៈប្រតិភូមកពី លេខាធិការដ្ឋានក្រុមការងារមេគង្គ-ឡានឆាង (LMC) ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំការផ្តួចផ្តើមប្រតិបត្តិការរួមគ្នាស្តីពី ”ការបោសសម្អាតអាវុធ” តាមរយៈប្រព័ន្ធផ្លាស់ប្តូរព័ត៌មាន Lancang-Mekong Information Network-LMIN ។
កិច្ចប្រជុំនេះសម្របសម្រួលរៀបចំឡើងដោយមជ្ឈមណ្ឌលសមាហរណកម្មអនុវត្តច្បាប់ និងសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMLECC) ដោយមានការចូលរួមពី គណៈប្រតិភូមកពីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈចិន ក្រសួងការពារជាតិឡាវ ក្រសួងសន្តិសុខសាធារណៈឡាវ ក្រសួងកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា, តំណាងមកពីនគរបាលភូមិន្ទថៃ និងក្រសួងសន្តិសុខសាធារណៈវៀតណាម។ ការផ្តួចផ្តើមគំនិតប្រតិបត្តិការរួមគ្នាឈ្មោះ ”ការបោសសម្អាតអាវុធ” នេះ ទទួលបានការគាំទ្រ និងបានចាប់ផ្តើមដាក់ឲ្យដំណើរការ ដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧ ដែលបានធ្វើឡើងនៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ថ្មីៗនេះ ស្របពេលដែលថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ខ្ពស់ លើការងារពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខមិនប្រពៃណី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់ ជាពិសេសគឺការរត់ពន្ធ និងការជួញដូរអាវុធ និងគ្រឿងផ្ទុះខុសច្បាប់ ។ ទន្ទឹមនេះមជ្ឈមណ្ឌលសមាហរណកម្មអនុវត្តច្បាប់ និងសហប្រតិបត្តិការមេគង្គ-ឡានឆាង LMLECC បានអំពាវនាវយ៉ាងសកម្មដល់បណ្តាភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសជាសមាជិក មេគង្គ-ឡានឆាង ដើម្បីរួមគ្នាអនុវត្តផែនការប្រតិបត្តិការរួមគ្នានេះដែលមានឈ្មោះថា “ការបោសសម្អាតអាវុធ” ឱ្យបានជោគជ័យនាចុងឆ្នាំ២០២២ ខាងមុខនេះ៕