ធ្វើសិក្ខាសាលាចៅក្រម អាជ្ញាកណ្ដាល ដើម្បីប្រកួតពានរង្វាន់ទូតកូរ៉េ
ភ្នំពេញ: ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF (World Taekwondo Federation) ដែលជាតេក្វាន់ដូស្ទីលកូរេ ខាងត្រពុងនោះបានបើកធ្វើសិក្ខាសាលា រយៈពេល២ថ្ងៃគឺថ្ងៃទី២៣ និង២៤កញ្ញាដើម្បីពង្រឹងសមត្ថភាពចៅក្រម និងអាជ្ញាកណ្ដាលរបស់ខ្លួន ដើម្បីឈានទៅប្រកួត ដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរេ(Korean Ambassa Dor”s Cup Competion 2018) ។
លោកគង់ សក្ខិដាអគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូបានថ្លែងប្រាប់អ្នកកាសែត ថាវគ្គនេះមានសិក្ខាកាម ចូលរួមចំនួន៣០នាក់ ដែលពួកគេជាចៅក្រម អាជ្ញាកណ្ដាល និង គ្រូបង្គោល ។ សិក្ខាកាមទាំង៣០រូប នេះភាគច្រើន នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាប ។
វាគមិនដែលឧទ្ទេសនាម សម្រាប់វគ្គនេះគឺលោកហែម សំណាងដែលជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងជាអាជ្ញាកណ្ដាលអន្តរជាតិរបស់កម្ពុជា ។
លោកអគ្គលេខាបានឲ្យដឹងទៀតថា នេះជាលើកទី៦ហើយ ដែលស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរេបង្កើត ឲ្យមានព្រឹត្តិការណ៍នេះហើយវាក៏បានក្លាយជា ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ នៅកម្ពុជាដែរ ។
សម្រាប់ព្រឹត្តិការណ៍នេះមានក្លិបចំនួន២០ដែលមកពីទូទាំងប្រទេសចូលរួមប្រកួតហើយកីឡាករ-កីឡាការិនីមានចំនួនប្រមានជាង៤០០នាក់ ។ វិញ្ញាសា ដែលដាក់ឲ្យប្រកួតមានចំនួន ៤៤ដែលក្នុងនោះវិញ្ញាសាសំដែង(មេគុន) មានចំនួន៤០ ដែលគិតចាប់ពីប្រភេទអាយុពី៨ទៅ១២ឆ្នាំដែលមានកម្រិតខ្សែក្រវាត់ពីលឿងដល់ក្រម ។
ប្រភេទអាយុ ចាប់ពី១៦ឆ្នាំឡើងទៅ ដែលមានកម្រិតខ្សែក្រវាត់ពីលឿងដល់ក្រហម ។ ក្រៅពីនេះមានវិញ្ញាសាប្រយុទ្ធដែលមាន៣វិញ្ញាសា និង ការសំដែងស្នៀតមួយវិញ្ញាសា ។
សិក្ខាសាលានេះក្រៅធ្វើឡើងសម្រាប់ការប្រកួតដណ្ដើមពានរង្វានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរេប្រចាំនៅកម្ពុជា នោះក៏ជាការត្រៀមដើម្បីប្រកួតជើងឯកជាតិ ដែលធ្វើនៅពេលខាងមុខនេះដែរ៕