ជីតានិងជីដូនដឹកចៅទៅពេទ្យ ត្រូវរថយន្តបុករួចកិនដាច់ខ្លួន ជាពីរកំណាត់ ស្លាប់ក្នុងថ្លុកឈាម ចៅរងរបួសស្រាល
ខេត្តបន្ទាយមានជ័យ៖ ជីតានិងជីដូនដឹកចៅទៅពេទ្យ ត្រូវរថយន្តបុករួចកិនដាច់ខ្លួនជាពីរកំណាត់ ស្លាប់ក្នុងថ្លុកឈាម ចៅរងរបួសស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយដោយសារ រថយន្តបុកពីក្រោយពេលកំពុងជិះម៉ូតូ និងកិនពីលើបែកសាកសពខ្ទេចទាំង ២នាក់ ប៉ុន្តែចៅស្រីអាយុ៨ខែ រួចផុតជីវិត នៅដេកឱបសពជីដូន។
អ្នកភូមិឱ្យដឹងថា៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ258D ស្ថិតក្នុងភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អ្នកភូិឱ្យដឹងថា៖ ជនរងគ្រោះខាងលើឈ្មោះ សៀក សេ ជាប្ដីអាយុ57ឆ្នាំ និងប្រពន្ធឈ្មោះ ចៀប ឡេង អាយុ65ឆ្នាំ ចំណែកចៅស្រីដែលរួចជីវិតឈ្មោះ ម៉ីលី ឌៀ អាយុ8ខែ។ ជនរងគ្រោះទាំង៣នាក់រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។បើតាមអ្នកស្រុកនិយាយថា មុនពេលកើតហេតុជនរងគ្រោះជាប្តី បានបើកម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2003 ពាក់ស្លាកលេខបន្ទាយមានជ័យ 1H.3170 ដឹកប្រពន្ធ និងចៅគ្រោងទៅរកទិញថ្នាំពេទ្យ នៅផ្សារអូរបីជាន់ ឲ្យចៅលេបតែជាអកុសល ជិះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តមួយគ្រឿងបើកស្របទិសពីត្បូង ទៅជើងបុកពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជាតា និងយាយស្លាប់នៅនឹងកន្លែង ដោយយាយដាច់ជា២កំណាត់។
អ្នកស្រុកនិយាយថាអ្វីដែលរន្ធត់នោះ ឃើញក្មេងស្រីជាចៅបានដេកឱបលើទ្រូងជីដូនដែលស្លាប់ ប៉ុន្តែសំណាងល្អ ចៅស្រីនោះមិនបានរងរបួសធ្ងន់នោះទេ ត្រឹមតែរងរបួសជើងតិចតួចប៉ុណ្ណោះ។ក្រោយកើតហេតុរថយន្តបង្កនោះ បើករត់ទៅទិសខាងជើង ដល់ចំណុចភូមិចំកាគរ ឃុំស្វាយចេក ទើបចតរថយន្តចោល រួចគេចខ្លួនបាត់ តែត្រូវសមត្ថកិច្ចតាមរកឃើញ និងបាននាំយករថយន្ត បង្កទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដើម្បីបន្តនីតិវិធី។
ចំណែកសពជនរងគ្រោះទាំង២ ត្រូវសាច់ញាតិនាំយក ទៅតម្កល់នៅវត្តសាមគ្គីវ័ន្ត ហៅស្នួលត្រេត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕