រយៈពេល៦ខែកម្ពុជា រកចំណូលបាន ២៨០ លានដុល្លារ លើការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ
ភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងបរិបទកូវីដ- ១៩ ក៏ដោយក៏ការនាំអង្ករចេញរបស់កម្ពុជាទៅទីផ្សារពិភពលោក នៅរក្សារកំណើនបានយ៉ាងល្អ។ បើតាមទិន្នន័យពីក្រសួងកសិកម្ម កម្ពុជារកចំណូលបាន ២៧៩លានដុល្លារ លើការនាំចេញអង្ករមានចំនួន ៣២៧ ២០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១៦,៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបង្ហាញថារយៈពេល ៦ ខែ ដើមឆ្នាំ ២០២២ ការនាំចេញ អង្ករ មាន ចំនួន ៣២៧ ២០០ តោន កើនឡើង ១៦,៦៧ ភាគរយ បើ ធៀប ទៅនឹង ឆមាស ទី១ ឆ្នាំ២០២១ ដែលមានចំនួន ២៨០ ៤៥០ តោន ។ មានន័យថា ការនាំអង្ករនៅតែមានកំណើនទៅមុខជានិច្ចទោះបីស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩ ក៏ដោយ។
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣,៣៥% អង្ករសគ្រប់ប្រភេទ មាន ចំនួន ១១៣ ៦១៧តោន ស្មើនឹង ៣៤,៧២% និងអង្ករចំហុយ គ្រប់ប្រភេទមានចំនួន ៦ ៣១២តោន ស្មើនឹង ១,៩៣%។
នៅមានឧបសគ្គមួយចំនួនក្នុងការនាំអង្ករចេញទៅក្រៅប្រទេស យ៉ាងណាក៏ដោយក្រសួងពាក់ព័ន្ធបានខិតខំយកចិត្តទុកដាក់ជំរុញការងារនេះអោយមាន ប្រសិទ្ធភាពខ្ពស់បំផុត។
បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅ សហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណ សរុប ចំនួន ៩៨ ៦២៤តោន កើនឡើង ៤៦,៩០% ទិសដៅ ប្រទេសចិនមានបរិមាណ សរុបចំនួន ១៦៨ ២៨០តោន កើនឡើង១៧,៤៤% ទិសដៅអាស៊ាន ចំនួន ៤ប្រទេស មានបរិមាណសរុបចំនួន ២៨ ៦៨០តោន កើនឡើង ៥,៦៩% និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៣១ ៦១៦តោន ថយចុះ២៦,២៨%។
ក្នុងឆមាសទី១ឆ្នាំ២០២២នេះ ការនាំចេញ ស្រូវមានចំនួន ១ ៧៣៣ ១៥៧តោន ទៅកាន់ប្រទេស វៀតណាម កើនឡើង ២,៣៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។
ការនាំចេញ ស្រូវ – អង្ករ ពី កម្ពុជា ទៅ ទីផ្សារ អន្តរជាតិ ក្នុង ឆមាស ទី ១ ឆ្នាំ ២០២២ មានទឹកប្រាក់ ជាង ៦១៥ លាន ដុល្លារ កើន ជិត ១០០ លាន ដុល្លារ បើ ធៀប រយៈពេល ដូចគ្នា ឆ្នាំ ២០២១ ។ក្នុង ឆ្នាំ ២០២១ កម្ពុជា នាំចេញ អង្ករ ទៅ ក្រៅ ប្រទេស ចំនួន ៦១៧ ០៦៩ តោន ថយចុះ ១០,៦៧ ភាគរយ បើ ធៀប នឹង ឆ្នាំ ២០២០ ដែល មាន បរិមាណ ៦៩០ ៨២៩ តោន ៕ សំរិត