ផ្គើននឹងសមត្ថកិច្ច អប់រំ មិនរាងចាល ឃាត់ខ្លួនអ្នកជល់មាន់៤នាក់ បញ្ជូនទៅតុលាការ
កណ្តាល៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរលំ ស្រុកស្អាង នៅថ្ងៃ អាទិត្យ ទី ២៣ ខែ កញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង ៤០នាទី បានចុះបង្ក្រាបល្បែងជល់មាន់ នៅចំណុចភូមិ លេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួនៈ ១ / ឈ្មោះ វុធ សុខវី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ២ / ឈ្មោះ ស្រី រតនៈ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ៣ / ឈ្មោះ ឡេ មិនធី ហៅ សុខ ជាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងឈើ ទីលំនៅបច្ចុប្បន្នភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ៤ / ឈ្មោះ ឆោម សុងហ៊ួត ភេទប្រុស ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ពូក ទីលំនៅបច្ចុប្បន្នភូមិ ស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ វត្ថុតាងចាប់យក ៖ ១ / សត្វមាន់ជល់(ឈ្មោល)ចំនួន ២ក្បាល (សម្បុរ ដាង ចំនួន ១ក្បាល) និង (សម្បុរ ស្គូយ ចំនួន ១ក្បាល) ។ ២ / ជញ្ជីងប្រើថ្មពិល ចំនួន ១គ្រឿង ។ ៣ / ជញ្ជីងប៉ុង (ទម្ងន់ ៣០គីឡូក្រាម) ចំនួន ១គ្រឿង ។ ៤ / ស្គុតរុំខ្នាយមាន់មួយចំនួន ។ ៥ / ម៉ូតូ ចំនួន ២ គ្រឿង (ម៉ាកស្តុបពី ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BU -5006 ចំនួន ០១គ្រឿង ) , (ម៉ាក យ៉ាម៉ាហាប្រូស ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1B – 7250 ចំនួន ១គ្រឿង ) ។ ៦ / កន្ត្រក់ច្រកមាន់ ចំនួន ៤ និង ស៊ុមក្រុងមាន់ ចំនួន ១។
សភាពរឿងហេតុ ៖នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណី លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុច ភូមិ លេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដោយមានបញ្ជាពីលោកស្នងការនគរបាលខេត្តកណ្ដាល និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯកសេង សុជាតិ អធិការនគរបាលស្រុកស្អាង ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរលំ សហការជាមួយកម្លាំងប្រជាការពារឃុំ ចុះទៅដល់កន្លែងកើតហេតុ បង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ រួមនឹងវត្ថុតាងខាងលើ ដែលបន្សល់ទុកនៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យប្រហែល ២០ ទៅ៣០នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
នៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង១៣ និង៤៩នាទី លោកលាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល បញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕