ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទះអង្គុយ ជនពិការកម្ពុជា សង្ឃឹម ឈ្នះមេដាយអាស៊ាន ប៉ារ៉ាហ្គេមលើកនេះ

181

ភ្នំពេញ៖ក្រុមកីឡាបាល់ទះអង្គុយជនពិការកម្ពុជាមានការសង្ឃឹមខ្ពស់ក្នុងការប្រជែងបានមេដាយពីការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

កីឡាករអ៊ូផល្លាជាកាពីទែនក្រុមនិងជាកីឡាករឆ្នើមដែលធ្លាប់បានចូលរួមប្រកួតអា
ស៊ានប៉ារ៉ាហ្គេមពីរលើករួចមកហើយបានឲ្យដឹងថាក្រុមកីឡាបាល់ទះជនពិការកម្ពុជាបានហ្វឹកហាត់មករហូតតាំងពី២០១៩។

បើទោះជាគ្មានការប្រកួតក៏ក្រុមទាំងមូលបានហ្វឹកហាត់ជាប្រចាំ។ក្រោយពីការហ្វឹកហាត់ជាប់ជាប្រចាំបានធ្វើឲ្យកីឡាករកម្ពស់១,៨៣ម៉ែត្ររូបនេះមើលឃើញថាសមត្ថភាពក្រុមរបស់ខ្លួនមានភាពរីកចម្រើនគ្រប់ចំណុចមិនថាការផ្ដាច់និងការធ្វើរនាំងជាដើម ដែលធ្វើឲ្យមានក្តីរំពឹងទុកខ្ពស់ក្នុងការយកបានមេដាយពីព្រឹត្តិការណ៍នេះ។

សម្រាប់ការហ្វឹកហាត់គឺយើងហាត់រហូតតាំងពី២០១៩មកគឺយើងហាត់អត់ឈប់ទេ។ ក្រុមទាំងមូលបានហាត់ខ្លាំងមករហូត។និយាយទៅសមត្ថភាពកូនក្រុមទាំងមូលមើលឃើញថា មានការរីកចម្រើនច្រើនទាំងការវ៉ៃផ្ដាច់និងការធ្វើរនាំងការពារបើធៀបនឹងការប្រកួតនៅម៉ាឡេស៊ីកាលអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៧។ខ្ញុំជឿថាយើងនឹងបានមេដាយឆ្នាំនេះព្រោះកាលពី
២០១៧ យើងបានមេដាយប្រាក់។
កីឡាករដែលមានបទពិសោធជិត១០ឆ្នាំក្នុងនាមកីឡាករបាល់ទះជនពិការរូបនេះបានបន្ថែមថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានតែ២ប៉ុណ្ណោះ ដែលខ្លាំងគឺថៃនិងមីយ៉ាន់ម៉ា។

ប៉ុន្តែក្នុងនោះថៃក៏ធ្លាប់ចាញ់កម្ពុជាដែរ មិនថាការប្រកួតផ្លូវការ និងមិត្តភាពឡើយ។
អ្វីដែលជាការចាប់អារម្មណ៍នោះកម្ពុជាធ្លាប់បំបាក់ថៃដល់៣សិតទល់០ក្នុងការប្រកួតមិត្តភាពទៀតផង។ តែក្រោយការខកខានជួបគ្នាច្រើនឆ្នាំ ដោយសារការផ្អាកសកម្មភាព ព្រោះកូវីដ-១៩បានធ្វើឲ្យអ៊ូ ផល្លាមិនហ៊ានសន្យាថានឹងឈ្នះដាច់ខាតទេពីព្រោះកម្ពុជាមានការហ្វឹកហាត់ខ្លាំង ហើយប្រទេសផ្សេងៗក៏ហាត់ខ្លាំងដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង