ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញបុរសជនជាតិ នីហ្សេរីយ៉ាដែលមានជំងឺអុតស្វា

168

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញបុរសជនជាតិនីហ្សេរីយ៉ាដែលមានជំងឺអុតស្វា។

ក្រសួងសុខាភិបាល បានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរសុខាភិបាលនៃព្រះរាជាណាចក្រថៃកាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពីលទ្ធភាពនៃការគេចខ្លួន របស់បុរសជនជាតិនីហ្សេវីយ៉ា ដែលអាជ្ញាធរសុខាភិបាលថៃបានធ្វើរោគវិនិច្ឆ័យឃើញមានវិជ្ជមានវីរុសអុតស្វា (Monkeypox) ធ្វើដំណើរឆ្លងព្រំដែនមកកាន់ព្រះរាជាណាចក្រកម្ពុជាមក ថ្នាក់ដឹកនាំ និងមន្ត្រីឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាល រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាលរាជធានី-ខេត្តទាំងអស់ បានធ្វើសកម្មភាពជាបន្ទាន់ដោយបានត្រួតពិនិត្យ និងស្វែងរក អ្នកជំងឺអុតស្វាដែលជាជនជាតិនីហ្សេរីយ៉ានេះ រហូតមកដល់វេលាម៉ោងប្រហែលជា ១៧:៣០នាទីល្ងាច នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិ និងសាលារាជធានីភ្នំពេញ ព្រមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត បានរកឃើញបុរសជនជាតិនីហ្សេរីយ៉ានេះ ដែលកំពុងតែស្នាក់នៅផ្ទះសំណាក់មួយ នៅផ្លូវលេខ ៤៣០ សង្កាត់ទួលទំពូង (ម្តុំផ្សារដើមថ្កូវ) ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរ៉ូម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10414328 ជាអ្នកទេសចរណ៍ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺអុតស្វាខាងលើនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះនៅវេលាម៉ោង ១៩:១០នាទី រួចរាល់ហើយ។

ដើម្បីការពារការចម្លងនៃវីរុសអុតស្វា ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនី ហ្សេវីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬជូនព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូន ព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងវីរុស អុតស្វានេះបានទាន់ពេលវេលា។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសអុតស្វា ដែលក្រសួងបានចេញ សេចក្ដីណែនាំជារឿយៗ ជាពិសេស មិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជាមួយសត្វព្រៃ និងត្រូវបរិភោគអាហារដែលឆ្អិនល្អ ព្រមទាំង រក្សាអនាម័យដៃ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឬដែល និងស្វែងរកការពិនិត្យ ព្យាបាលប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ។ ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហា សុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន៕

អត្ថបទដែលជាប់ទាក់ទង