ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូង
(បន្ទាយមានជ័យ): លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ឱ្យដឹងថា មុនពេលបង្រ្កាបករណីនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចមុខវត្តកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំង១០នាក់ រថយន្ត២គ្រឿង ម៉ូតូចំនួន២គ្រឿង ចុះប្រតិបត្តិការរហូតដល់វេលាម៉ោង១៣ ថ្ងៃ ខែ ឆ្នាំ ដដែល ក៏បានប្រទះឃើញមនុស្សប្រុសម្នាក់គួរឱ្យសង្ស័យ ហើយកម្លាំងក៏បានឃាត់ខ្លួនសួរនាំ និងធ្វើការឆែកឆេរលើខ្លួនបុរសនោះរកឃើញគ្រឿងញៀនប្រភេទទឹកកកចំនួន៤កូនថង់កិប និងសម្ភារ:មួយចំនួន ក្រោយមកកម្លាំងរបស់លោកបាននាំខ្លួនជនសង្ស័យឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។
ជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួររួច បានឆ្លើយសារភាពថា បងធម៌របស់ខ្លួនបានប្រើឱ្យខ្លួនទាក់ទងទៅមនុស្សម្នាក់ទៀតដើម្បីយកគ្រឿងញៀនពីខ្លួន ។ ដោយបានចម្លើយពីជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការឃាត់ខ្លួនបន្តបន្ទាប់បានជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ព្រមទាំងដកហូតគ្រឿងញឿនមួយចំនួនបន្ថែមទៀតផងដែរ សរុប គ្រឿងញៀម៉្សៅក្រាមពណ៌សចំនួន៦កូនថង់កិប ស្មើនឹងទម្ងន់៣៦,១៣ក្រាម ម៉ូតូចំនួន២គ្រឿង កាំបិតកែឆ្នៃ១ដើម និងសម្ភារ:មួយចំនួនធំ ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕