ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គបណ្តុះបណ្តាល ស្ដីពីចំណេះដឹងដែល អ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្តត្រូវយល់ដឹង

51

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក សុខុម វីរផល អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីចំណេះដឹងដែលអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសិក្ខាកាមចំនួនប្រមាណ១០០នាក់ និងមានការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។

វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកដឹកជញ្ជូនដែលផ្តល់សេវាដឹកជញ្ជូនចំណីអាហារតាមរយៈម៉ូតូក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរ។

ការបណ្តុះបណ្តាលនេះបានធ្វើបទបង្ហាញសំខាន់ៗមួយចំនួនដូចជា៖ (១)មាត្រាសំខាន់ៗនៃច្បាប់ស្តីពី
ចរាចរណ៍ផ្លូវគោក (២)សញ្ញាចរាចរណ៍ផ្លូវគោក (៣) សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ(៤)ការត្រួតពិនិត្យយានជំនិះ និងការផ្ទុកទំនិញ និង(៥) បច្ចេកទេសនិងសុវត្ថិភាពក្នុងការបើកបរ។

ថ្លែងទៅកាន់អ្នកចូលរួម លោកអគ្គនាយរង បានលើកឡើងថា៖ យោងតាមអង្គការUNDP និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងមួយថ្ងៃគិតជាមធ្យមមានមនុស្ស៥នាក់បានស្លាប់ និងរងរបួស ១០ នាក់ ហើយគ្រោះថ្នាក់នេះបានធ្វើឱ្យកម្ពុជាខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២,៥% ទៅ៣%ក្នុងមួយឆ្នាំ។ ចំណែកឯការកកស្ទះចររាចណ៍វិញ ធ្វើឱ្យខាតបង់ប្រាក់ប្រមាណ៧២លានដុល្លាក្នុងមួយឆ្នាំ។

លោកបានបន្ថែមថា៖ របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញ ផងដែរថា៖ អ្នកស្លាប់ជាអ្នកជិះម៉ូតូមាន៧៨%នៃអ្នកស្លាប់សរុប អ្នកថ្មើរជើងមាន៨% អ្នកជិះរថយន្តដឹក អ្នកដំណើរ៤% រថយន្តដឹកទំនិញមាន៣% និងផ្សេងៗទៀត។ និងយោងតាមទស្សនាវដ្តីសុខភាព និងការដឹកជញ្ជូន(២០១៩) បានបង្ហាញថា៖ ៦៣% នៃអ្នកដឹកជញ្ជូនបានចតនៅកន្លែងហាមឃាត់ ដើម្បីយកឥវ៉ាន់ជូនអតិថិជន ហើយ៣០%នៃអ្នកដឹកជញ្ជូនបើកបររំលោភភ្លើងសញ្ញាចរាចរណ៍(ភ្លើងក្រហម)។ ចំណែកឯសាកលវិទ្យាល័យឡុនដុន (University College London) បានបង្ហាញថា៖ ៤៧% នៃអ្នកដឹកជញ្ជូន ចំណីអាហារបើកលើសល្បឿនកំណត់ក្រោមសំពាធពីការទទួលកុម្មងទិញ ដែលជាហេតុធ្វើឱ្យក្រុមអ្នកដឹកជញ្ជូនងាយរងគ្រោះថ្នាក់ចរាចរណ៍។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គនាយករង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Nham24 ដែលបានចូលរួម និងសហការរៀបចំវគ្គបណ្តុះបណ្តាលនេះសំដៅលើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយជំរុញទៅកាន់ដៃគូដែលធ្វើប្រតិបត្តិការដឹកជញ្ជូនឱ្យមានសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ បង្កើនការយកចិត្តទុកដាក់លើការបើកបររបស់ខ្លួនឱ្យមានការយោគយល់អធ្យាស្រ័យខ្ពស់ ធ្វើឱ្យផ្លាស់ប្តូរឥរិយាបថនៅពេលបើកបរ មានសណ្តាប់ធ្នាប់ និងប្រកបដោយសុវត្ថិភាព និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងរៀបចំកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀតជូនដល់ក្រុមអ្នកដឹកជញ្ជូនតាមរយៈក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទំនិញនានា ដែលជាដៃគូ សហការសម្រាប់ធ្វើការបណ្តុះបណ្តាលជូនដល់ប្រតិបត្តិករដែលធ្វើប្រតិបត្តិការដឹកជញ្ជូនឱ្យកាន់តែយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង