ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលរបស់សហគ្រាស នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានជិត១ ៤០០ លានដុល្លារអាមេរិក បង្កើតឱកាសការងារជិត ៣០ ០០០កន្លែង
(ភ្នំពេញ)៖ បន្ទាប់ពីមានការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានខិតខំធ្វើការទប់ស្កាត់ផង និងបានធានានូវសង្វាក់ផលិតកម្មផង។ នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន១៧០ ហើយបានបង្កើតឱកាសការងារជិត ៣០ ០០០កន្លែង។ សម្រាប់ខែមករា ដល់ខែមិថុនាឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន១ ៣៧៤ លានដុល្លារអាមេរិក បានកើនឡើង៣៨,២៣%បើប្រៀបធៀបនឹងឆ្នាំមុន។ ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។
លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់បែបនេះ ក្នុងឱកាស ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យរូបលោក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមី ហ្សីន (តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំនេះយ៉ាងនេះក្តី។ ការរក្សាបាននូវភាពរឹងមាំនៃការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន។ ក៏ជាផ្នែកមួយនៃគម្រោងខ្សែច្រវ៉ាក់ និងផ្លូវ បានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿន ក៏ស្នូរនៃការអភិវឌ្ឍដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យបានឆាប់រហ័សផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ទៅកាន់ក្រុមហ៊ុននេះនៅប្រទេសចិន ដោយបានស្នើសុំទៅស្ថាបនិកក្រុមហ៊ុនបន្តការវិនិយោគមកកាន់កម្ពុជាឲ្យមានភាពសម្បូរបែប ដែលបង្កលក្ខណៈឲ្យពលរដ្ឋកម្ពុជាទទួលបានការងារថ្មីៗកាន់តែច្រើន។
លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លើកឡើងថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារ។ លោកប្រធាន បញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២២ ខាងក្រុមហ៊ុនមានរៀបចំពិព័រណ៍ ផ្លូវសូត្រពាណិជ្ជកម្ម ដោយក្នុងនោះ ប្រទេសចិននឹងទទួលយកកសិផលមួយចំនួនរបស់កម្ពុជាទៅកាន់ប្រទេសចិន ជាមួយនឹងនេះ ក្រុមហ៊ុនបានសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរការងារ និងបណ្តុះបណ្តោះវិជ្ជាជីវៈខេត្តព្រះសីហនុ ផ្តល់សេវាថែមទាំសុខភាព ជាពិសេសសម្រាប់បងប្អូនកម្មការិនីមានផ្ទៃពោះ ព្រមទាំងបានសាងសង់អាគារស្នាក់នៅបង្កលក្ខណៈងាយស្រួលជូនដល់កម្មករនិយោជិតដែលធ្វើការនៅក្នុងតំបន់នេះថែមទៀត។
ជាការឆ្លើតបទៅនឹងដំណឹងរីករាយនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។ ឯកឧត្តមរីករាយចំពោះការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនមកលើបងប្អូនកម្មករនិយោជិត ដែលជាសុខដុមរមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈដ៏ល្អមួយ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យមានការបណ្តុះបណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុនផងដែរ៕