ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើកម្ពុជា នឹងទទួលបានផលចំណេញ អំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

137

ភ្នំពេញ៖ តើកម្ពុជា នឹងទទួលបានផលចំណេញអ្វីពីគម្រោងផ្លូវល្បឿនលឿនភ្នំពេ ញ-ក្រុងព្រះសីហនុ ដែលនឹងដាក់ឲ្យ ដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ។
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩៥%ហើយ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដោយឥតគិតថ្លៃរយៈពេលមួយខែ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និង ជាអ្នកជំនាញសេដ្ឋកិច្ចនៃ រាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា ជាការពិតណាស់ កម្ពុជា នឹងទទួលបានផលចំណេញច្រើន ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដូចជា កាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរ ការដឹកជញ្ជូន មានភាពល្អប្រសើរជាងមុន ការដឹកជញ្ជូនត្រូវចំណាយពេលខ្លី សន្សំសំចៃប្រេង ដែលធ្វើអោយតម្លៃដើមនៃការដឹកជញ្ជូនធ្លាក់ចុះ ។
គម្រោងនេះ ក៏បានធ្វើអោយខេត្ត ដែលស្ថិតនៅតាមបណ្ដោយខ្សែផ្លូវល្បឿនលឿននេះ ទទួលបាននូវកំណើនវិនិយោគ និងឱកាសថ្មីៗផងដែរ ជាក់ស្តែងគឺខេត្តកំពង់ស្ពឺ បាននឹងកំពង់ទាក់ទាញបាននូវគម្រោងរោងចក្រជាច្រើន ដោយសារកក្តាភូមិសាស្ត្រអំណោយផលផង និងស្ថិតនៅក្បែរគម្រោងនេះផង ដែលបានតភ្ជាប់ទៅដល់ខេត្តព្រះសីហនុដែលជាខេត្តពហុបំណង ដែលមានកំពង់ផែទឹកជ្រៅស្តង់ដាសម្រាប់នាំចេញនូវទំនិញទៅកាន់ទីផ្សារក្រៅប្រទេស។
លោកបណ្ឌិតបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ បានតភ្ជាប់ការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ មកកាន់កំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តពហុបំណងកម្ពុជា ដែលងាយស្រួលដល់ការផ្ទេរទំនេញ ចេញទៅខេត្តតំបន់ឆ្នេរកម្ពុជាផ្សេងទៀត ដូចជាកំពត កែប និងកោះកុងជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា កម្ពុជា គួរតែមានផ្លូវល្បឿនលឿនបែបនេះ បន្ថែមទៀត ជាពិសេស គឺផ្លូវ ល្បឿនលឿនទៅខេត្តជាប់ព្រំដែន កម្ពុជាវៀតណាម កម្ពុជាថៃ និងកម្ពុជាឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញពីរោងចក្រសហគ្រាសទៅកាន់ទីផ្សារអន្តរជាតិ កាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃជាងមុន ហើយលោកបណ្ឌិត ក៏ចង់ឃើញរដ្ឋាភិបាល កែសម្រួលផ្លូវដែកឡើងវិញអោយមានភាពល្អប្រសើរផងដែរ ព្រោះអាចធ្វើអោយតម្លៃដើមនៃដឹកជញ្ជូន មានតម្លៃទាប ។
កន្លងទៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវ ល្បឿនលឿនត្រូវ គិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុន នឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារ នឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លារអាមេរិក សម្រាប់ការធ្វើដំណើរទៅមក ហើយនៅឆ្នាំទីពីរក្រុម ហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។
បច្ចប្បន្នគម្រោងនេះ សម្រេចបាន៩៥% ហើយ នៅសេសសល់តែការងារមួយចំនួនតូចតែប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះ សងខាងផ្លូវ គាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។
សូមបញ្ជាក់ថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ និងបានប្រើរយៈពេលសាងសង់៤៨ខែ ចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង