ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលការពារសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ នៃរដ្ឋសភា

201

វិមានរដ្ឋសភា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ, តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងរាជរដ្ឋាភិបាល អមដំណើរដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងគណៈប្រតិភូពីក្រសួងយុត្តិធម៌ បានអញ្ជើញចូលការពារសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ នៃរដ្ឋសភា។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើវិសោធនកម្មមាត្រាចំនួន ៨ រួមមាន មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ បន្ទាប់ពីបានពិនិត្យរួច, រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយសំឡេងទាំង ១០៥ នៃសមាជិកសភាដែលបានចូលរួមសម័យប្រជុំ។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ មានគោលបំណងសំខាន់ចំនួនពីរ៖ (ទី១)-ធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង(ទី២)-ធានាការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង