ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផល នៃការប្រជុំគណៈកម្មការប្រតិបត្តិ សហព័ន្ធកីឡាជនពិការអាស៊ាន

145

ភ្នំពេញ៖ថ្ងៃទី២៨កក្កដាម្សិលម៉ិញនេះនៅសណ្ឋាគារSwiss BelHotelក្នុងទីក្រុងសូឡូ
ប្រទេសឥណ្ឌូនេស៊ីមានកិច្ចប្រជុំគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ស្តីពីដំណើរការរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២។
កិច្ចប្រជុំនេះដឹកនាំដោយលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន គណៈកម្មការម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងតំណាងប្រតិភូមកពីប្រទេសទាំង១១។

ឯកឧត្តមយីវាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរៀបរាប់ថាគណៈកម្មការប្រតិបត្តិបានពិភាក្សាលំអិតលើរបៀបវារៈនិងសម្រេចបាននូវផ្លែផ្កាមួយគឺរបាយការណ៍ស្តីពីការអភិវឌ្ឍឆ្នាំមុនៗ។

ឯកឧត្តមយី វាសនាបានលើកឡើងថាអង្គប្រជុំបានធ្វើការអបរអសាទរនូវអ្វីដែលជា
សកម្មភាពបានធ្វើ។ ក្រៅពីនេះ នាយករបស់ APSF ដែលដឹកនាំដោយលោកស្រី Wandee Tosuwanជាអគ្គលេខាធិការហើយនាយកគណៈកម្មការនីមួយៗបានរាយការណ៍ម្នាក់ៗម្តងពាក់ព័ន្ធនឹងការរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ដែលមានកិច្ចសហការយ៉ាងជិតស្និទ្ធ
រវាង APSFនិងគណៈកម្មការទាំង១៤ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីដើម្បីរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះរយៈពេលតែ៣ខែគត់ដែលអាចដំណើរការបានដោយប្រសិទ្ធភាព»។

ក្នុងអង្គប្រជុំនោះក៏មានការធ្វើបទបង្ហាញពីការរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ប្រតិភូទាំងអស់មានការអបអរសាទរនិងត្រេកអរយ៉ាងខ្លាំងនូវការរៀបចំដ៏ល្អប្រពៃសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ជាពិសេសឆ្លើយតបទៅនឹងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរវាង APSF និងគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ របស់កម្ពុជា ដែលបានរៀបចំយ៉ាងរលូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
អង្គប្រជុំបានចូលរួមគាំទ្រ និងអបអរសាទរនូវការត្រៀមលក្ខណៈដ៏អស្ចារ្យ មានសារសំខាន់ និងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថាអង្គប្រជុំក៏បានសិក្សាលើរបៀបវារៈដែលនឹងត្រូវដាក់ជូនទៅក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ានសម្រាប់រៀបចំកិច្ចប្រជុំបន្តនៅថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២២។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ឆ្នាំ២០២២នឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី
៣០ ខែកក្កដា និងបិទនៅថ្ងៃទី៦ ខែសីហា នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទដែលជាប់ទាក់ទង