ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ស្នើអោយ រដ្ឋបាលខណ្ឌពង្រឹងការរៀបចំសណ្តាប់ធ្នាប់និងពិនិត្យ របាំងពុះចែកទ្រូងផ្លូវដែលបាក់បែក

208

ភ្នំពេញ ៖ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោកម៉ែន សិរីបានស្នើអោយ រដ្ឋបាលខណ្ឌទួលគោក ពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ នៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ ខណៈកំណាត់ផ្លូវមួយចំនួនពិសេសកំណាត់ផ្លូវនៅតាមផ្សារមានការកកស្ទះចរាចរ មិនអាចធ្វើចរាចរណ៍បាន ជាមួយនិងការពិនិត្យក្បាលក្លូ (របាំងពុះចែកទ្រូងផ្លូវ) ដែលបាក់ដោយប្រការផ្សេង ដើម្បីតាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

  ការស្នើបែបនេះរបស់លោកម៉ែន សិរីបានធ្វើឡើយ នាព្រឹកថ្ងៃទី២៩ កក្កដា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកកែវ សុភាអភិបាលរងខណ្ឌទួលគោក។

  លោកម៉ែន សិរីបានមានប្រសាសន៍លើកឡើងថា៖ នៅលើកំណាត់ផ្លូវ២៤៥ កំណាត់ផ្លូវ២១៧ ខណ្ឌទួលគោកក៏ដូចជានៅក្បែរវិទ្យាល័យឥន្ត្រទេវី ជាដើម ត្រូវបានកកស្ទះចរាចរណ៍ ដោយអ្នកលក់ដូរ

បានយកចិញ្ចើមនិងទ្រូងផ្លូវដើម្បីលក់ដូរ ជុំវិញបញ្ហានេះ លោកស្នើអោយអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់

អោយបានប្រសើរឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍ទៅមកបានស្រួល បន្ថែមពីនេះ ក៏ត្រូវពិនិត្យមើលក្បាលក្លូរបាំងពុះចែកទ្រូងផ្លូវដែលបាក់ ដោយត្រូវ ជួសជុលឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋអាចមើលឃើញ មិនបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍

   ក្រៅពីនេះ ក្នុងកិច្ចប្រជុំនោះ ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ក៏បានជម្រុញអោយរដ្ឋបាលខណ្ឌក៏ដូចជាចៅសង្កាត់ទាំង១០ ចុះទៅធ្វើការផ្សព្វផ្សាយនិងជម្រុញប្រជាពលរដ្ឋអោយទៅទទួលយកការចាក់វ៉ាក់សាំងដុសជម្រុញទី៣ ទី៤និងទី៥ អោយបានគ្រប់គ្នា ដើម្បីចូលរួម បង្ការ និងទប់ស្តាត់ជម្ងឺកូវីដ១៩ ទៅតាមការណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

   លោកកែវ សុភាអភិបាលរងខណ្ឌទួលគោក បានមានប្រសាសន៍លើកឡើងថា ចំពោះការរៀបចំសណ្តាប់ធ្នាប់បរិស្ថាន នៅក្នុងមូលដ្ឋាន អាជ្ញាធរខណ្ឌទួលគោកបាននឹងកំពុងអនុវត្តជាប្រចាំ សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានសណ្តាប់ធ្នាប់សោភណ្ឌភាពនិងបរិស្ថានល្អ៕

 

អត្ថបទដែលជាប់ទាក់ទង