ចាត់វិធានការបណ្តោះអាសន្ន លើការនាំចូលផលិតផលមីកញ្ចប់ និងការ៉េម សង្ស័យថាមានផ្ទុកសារធាតុ អេទីឡែនអុកស៊ីត
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋករ បានចេញសេចក្តីជូនដំណឹងពីការចាត់វិធានការបណ្តោះអាសន្ន លើការនាំចូលផលិតផលមីកញ្ចប់ និងការ៉េម សង្ស័យថាមានផ្ទុកសារធាតុ អេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កហានិភ័យផ្នែកសុខភាពដល់អ្នកប្រើប្រាស់។
ដោយយោងតាម – អនុក្រឹត្យ ១៧ អនក្រ,បក ចុះថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។
– លិខិតលេខ ៦៥៤ អ.កបប ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម។
អាជ្ញាធរសុវត្ថិភាពម្ហូបអាហារ របស់ប្រទេសនៅសហគមន៍អឺរ៉ុបមួយចំនួន បានរកឃើញលើផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់ សារធាតុទីឡែនអុកស៊ី (Ethylene Oxide) ដែលសហភាពអឺរ៉ុប អាមេរិក និងអង្គការសុខភាពពិភពលោកចាត់ទុក ថាជាសារធាតុបង្កហានិភ័យជាជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ ក្នុងន័យនេះ ដើម្បីចូលរួមការពារសុខភាពសាធារណៈ សុវត្ថិភាពម្ហូបអាហារ និងការពារសុខុមាលភាពអ្នកប្រើប្រាស់ គយនិងរដ្ឋករ សូមធ្វើការណែនាំបណ្តោះអាសន្នមួយចំនួនដូចខាងក្រោម៖
១. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ តទៅ រាល់ការនាំចូលទំនិញជាមីកញ្ចប់ម៉ាក “Lucky Me!” ផលិតនៅ ប្រទេសថៃ, មីកញ្ចប់ម៉ាក “Háo Hão” ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក “Haagen-Dazs” (Vanilla) ផលិតនៅប្រទេសបារាំង ដូចមានបរិយាយលម្អិតក្នុងបញ្ជីភ្ជាប់មកជាមួយលិខិតនេះ ត្រូវមានអម មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់ការវិភាគសារធាតុEthylene Oxide ពីស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារនៃប្រទេសនាំចេញ។ ដោយឡែក ចំពោះទំនិញដែលមកដល់ដែនគយមុនថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ អ្នកនាំចូលត្រូវដកសំណាកទំនិញធ្វើការវិភាគសារធាតុ Ethylene Oxide នៅ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម មុនពេល អនុញ្ញាតឱ្យបញ្ចេញទំនិញពីគយ។
២. អាយកដ្ឋានសវនកម្មតយត្រូវធ្វើការតាមដាននិងវាយតម្លៃហានិភ័យលើផលិតផលទាំងនេះជាប្រចាំដើម្បីលើក វិធានការអនុវត្តឱ្យបានទាន់ពេលនិងមានប្រសិទ្ធភាព។
៣. មន្រ្តីតយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ព័ត៌មាននិងទិន្នន័យដែលប្រកាសក្នុងឯកសារ ជាមួយនឹងទំនិញជាក់ស្ដែងដើម្បីជៀសវាងការបន្លំនាំចូលដោយគេចវេសពីវិធានការខាងលើជាយថាហេតុ។
៤. ត្រូវធ្វើការផ្សព្វផ្សាយដល់ធុរជនពាក់ព័ន្ធឱ្យបានទូលំទូលាយនៅតាមភូមិសាស្ត្រនៃអង្គភាពរៀងៗខ្លួនអំពីវិធានការនេះ។ អាស្រ័យដូចបានជម្រាបខាងលើ សូមលោក លោកស្រីជ្រាប និងចាត់ចែងអនុវត្តតាមខ្លឹមសារលិខិតនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចេញលិខិតនេះ រហូតដល់មានការណែនាំជាថ្មី៕