ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់គណបក្សខេត្តស្វាយរៀង សម្រាប់អនុវត្តបន្ត

157

 

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តស្វាយ រៀងថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែកក្កដា និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តខែសីហា ឆ្នាំ ២០២២ នាព្រឹកថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងក្រុមការងារយុវជនគណបក្សស្វាយរៀង ដែលបានអនុវត្តការងារកន្លងមកទទួលបានជោគជ័យគួរជាទីមោទនៈ ជាពិសេស ចំពោះលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីពេលថ្មីៗនេះ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងសម្រាប់ការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២២៣ នាពេលខាងមុខ ។

លោកជំទាវបានផ្តល់អានុសាសន៍ចំនួន ៥ សម្រាប់បន្តអនុវត្តនៅខែសីហា រួមមានដូចខាងក្រោម ៖ ១-ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឍដ្ឋានអគតិ សំដៅធានា ដំណើរការអភិវឌ្ឍន៍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងបរិយាកាសល្អសម្រាប់ការ បោះឆ្នោតនាពេល ខាងមុខ។
២- ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២ ២០២៧ របស់ឃុំ-សង្កាត់នីមួយៗ ដែលបានប្រកាសជូនប្រជាពលរដ្ឋ ឱ្យទទួលបានសមិទ្ធផលថ្មីៗថែម ទៀត និងយកចិត្តទុកដាក់បណ្តុះបណ្តាល បង្កើនសមត្ថភាពការងាររបស់សមាជិកក្រុមប្រឹក្សាដែល ទទួលតំណែងថ្មី។

៣-ត្រូវបន្តចាត់តាំងផ្សព្វផ្សាយផ្ទៃក្នុង នូវខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំគណបក្ស និងសកម្មជនគណបក្ស ឱ្យបានគ្រប់ក្រុង-ស្រុក និងឃុំ-សង្កាត់។
៤ -គណៈកម្មាធិការគណបក្សនៅថ្នាក់មូលដ្ឋាន ពិសេសគណបក្សឃុំ-សង្កាត់ ក្នុង នាមជា មេឃុំ-ចៅសង្កាត់ និងជាគណៈបញ្ជាការឯកភាពឃុំ-សង្កាត់ ដែលដឹកនាំធ្វើការងារបម្រើប្រជា ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ត្រូវបន្តធ្វើកំណែទម្រង់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ទាំងសេវា តម្រូវការ និងសេវាសំណូមពរឱ្យបានទាន់ពេលវេលា ដោយគ្មានការកៀបសង្កត់យកកំរ៉ៃ សេវាក្រៅច្បាប់កំណត់ និងការសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាននៅក្រៅប្រព័ន្ធ តុលាការ មិនលំអៀង ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

៥- បន្តការខិតខំជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចដែលបានអនុវត្តកន្លងមក ពិសេសជំរុញការចាក់វ៉ាសាំងដូសជំរុញជូនប្រជាជនយើងឱ្យបានគ្រប់ៗគ្នា និងជម្រុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពិសេស ជំងឺអុតស្វាដែលជាជំងឺថ្មី បាននឹងកំពុងរាត្បាតលើពិភពលោក៕ សំរិត

អត្ថបទដែលជាប់ទាក់ទង