ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រតិកម្ម និងច្រានចោលការផ្សាយព័ត៌មានមិនពិត របស់វិទ្យុអាស៉ីសេរី ពាក់ព័ន្ធបញ្ហាគ្រឿងញៀន

140

 

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តាមរយៈបណ្ដាញព័ត៌មានក្នុងស្រុក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានចេញមកប្រតិកម្ម និងច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៉ីសេរី ពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃការប្រតិកម្មរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖

«ក្នុងនាមមន្ត្រីអនុវត្តន៍ច្បាប់ ប្រឆាំងបទល្មើសគ្រឿងញៀន យើងខ្ញុំមានការអាក់អន់ចិត្ត និងសោកស្ដាយចំពោះការផ្សាយបំផ្លើសព័ត៌មានរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ វិទ្យុអាស៊ីសេរីផ្សាយជាខេមរៈភាសាររាយការណ៍ ដោយលោក សេក បណ្ឌិត បានលើកឡើងពីជនជាតិចិន ដឹកជញ្ជូនគ្រឿងញៀន និងនាំចូលសារធាតុគីមីផ្សំ រាប់រយតោនដើម្បីបើករោងចក្រផលិតនៅកម្ពុជា បង្កឲ្យប្រជាពលរដ្ឋពិសេសយុវជន យុវនារីប្រឈមនឹងហានិភ័យខ្ពស់ចំពោះការប្រើប្រាស់គ្រឿងញៀន។

ការផ្សាយបែបនេះ មិនដឹងថា វិទ្យុអាស៊ីសេរីជាពិសេស លោក សេក បណ្ឌិត មានចេតនាទុច្ចរិត ឬក៏ទទួលព័ត៌មានមិនបានសព្វជ្រុងជ្រោយ? ដែលយើងខ្ញុំសូមធ្វើការបកស្រាយបំភ្លឺជូនសារធារណៈជនមេត្តាជ្រាបថា៖

*ទី១៖ រាជដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា មិនទុកឱកាសឲ្យឧក្រិដ្ឋជននាំគ្រឿងញៀនចូលកម្ពុជាសូម្បីបរិមាណតិចតួចក្ដី។ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅតែខិតខំអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ខ យុវជនជៀសចាកឆ្ងាយពីគ្រឿងញៀន និងចលនាឲ្យអ្នកញៀនចូលខ្លួនទៅព្យាបាលស្ដារនីតិសម្បទាថែមទៀតផង។

លើសពីនេះទៅទៀត សមត្ថកិច្ចនៅបានខិតខំប្រឹងប្រែងតស៊ូបង្ក្រាប វាយបំបាក់រាល់ឧបាយកលចង់យកកម្ពុជា ធ្វើជាទីតាំងផលិតគ្រឿងញៀននេះ ទើបសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបចាប់ឧក្រិដ្ឋជនរាប់សិបនាក់ ដកហូតគ្រឿងញៀនរាប់តោន និងសារធាតុគីមីរាប់រយតោន។

ទី២៖ ជាការពិតណាស់ កម្ពុជាមានតម្រូវការសារធាតុគីមី ដើម្បីបម្រើវិស័យជាច្រើនជាពិសេសវិស័យឧស្សាហកម្ម និងសុខាភិបាល។ ប៉ុន្តែឧក្រិដ្ឋជនបានឆ្លៀត នាំចូលសារធាតុគីមី ហើយលួចផ្សំកែឆ្នៃផលិតគ្រឿងញៀនដោយខុសច្បាប់។

ទី៣៖ ដោយពិនិត្យឃើញកង្វះខាតមួយចំនួន ក្នុងការគ្រប់គ្រងសារធាតុគីមីនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសូងមហាផ្ទៃ បានស្នើគោលការណ៍ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី បង្កើតគណៈកម្មការចម្រុះ ដើម្បីត្រួតពិនិត្យការនាំចូល ការប្រើប្រាស់ និងគ្រប់គ្រងសារធាតុគីមីឲ្យបានម៉ឺងម៉ាត់បំផុត។ យើងខ្ញុំរីករាយ និងត្រៀមខ្លួនសហការជានិច្ចជាមួយរាល់សារធារណៈមតិជាតិ អន្តរជាតិក្នុងគោលដៅស្ថាបនា។

ជាមួយគ្នានេះដែរ យើងខ្ញុំសង្ឃឹមថា វិទ្យុអាស៊ីសេរី ជាពិសេសលោក សេក បណ្ឌិត បានយល់ច្បាស់ និងកែសម្រូលព័ត៌មាន និងផ្សព្វផ្សាយបំភ្លឺឡើងវិញឲ្យបានត្រឹមត្រូវជាមិនខាន»៕

អត្ថបទដែលជាប់ទាក់ទង