រថយន្តសាំយ៉ុង បុកម៉ូតូ កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យ ស្លាប់ម្នាក់
ស្រុកព្រៃនប់ ៖ រថយន្តសាំយ៉ុង បានបុកពីក្រោយម៉ូតូមួយគ្រឿង ក្នុងពេលម៉ូតូកំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់
ម៉ោង8និង20 នាទីព្រឹក ថ្ងៃទី 24កញ្ញា2018 តាមផ្លូវជាតិលេខ4 ម្តុំភូមិបន្ទាយប្រីយ៍ ឃុំអណ្ដូងថ្ម។
របាយការណ៍បឋមពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរ កើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងផ្លាកលេខ ព្រះសីហនុ 2C -8927 ទិសដៅចេញពីក្រុងព្រះសីហនុ (អ្នកបើកបររត់គេចខ្លួន ) បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក គុបជ្រុង ក្នុងពេលម៉ូតូកំពុងបត់ឆ្លងផ្លូវ ពីមុខរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ថុយ សេត ភេទប្រុសអាយុ75 ឆ្នាំ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ស្លាប់ភ្លាមៗនៅនឹងកន្លែង៕