រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ ចំនួនពីរ ទាក់ទងនឹងការបង្កើត ថាមពលអគ្គិសនីនៅកម្ពុជា
ភ្នំពេញ៖ រដ្ឋសភាបានអនុម័តយល់ព្រម លើកយករបៀបវារៈចំនួន២ មកពិភាក្សា និងអនុម័ត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលជាសម័យប្រជុំលើកទី១០ នីតិកាលទី៥ របស់រដ្ឋសភា។
សេចក្តីព្រាងច្បាប់ដែលរដ្ឋសភា លើកយកមកពិភាក្សានា ឱកាសនេះមាន ទី១-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។ និងរបៀបវារៈទី២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប។
ក្នុងសម័យប្រជុំរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភា ចូលរួមពេលផ្តើមប្រជុំមានចំនួន១០៣រូប ដោយបានផ្តើមសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី មុន។
សេចក្តីព្រាងច្បាប់ខាងលើនេះមាន៣មាត្រា។ លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នកអានជូនអង្គសភាពី របាយការណ៍នៃលទ្ធផលពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងសហការី តំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។
សេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល ដែលផ្ញើជូនរដ្ឋសភា បានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច ជាតិលើគ្រប់វិស័យ បានលើកកម្រិតជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់ និង បាននាំឲ្យតម្រូវការប្រើប្រាស់អគ្គិសនី កើនឡើងក្នុងអត្រាមួយដ៏ខ្ពស់។ ដើម្បីឆ្លើយតបនឹងកំណើន តម្រូវការអគ្គិសនីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍ វិស័យថាមពល ទំាងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនី ឲ្យបានគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។ ប្រភពថាមពលដែលកម្ពុជា បានអភិវឌ្ឍន៍ កន្លងមករួមមាន ស្ថានីយវារីអគ្គិសនី រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម និងស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ។ ហើយជាចុងក្រោយអង្គសភា បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូលមានចំនួន១០៤សំឡេង។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី នឹងបើកផ្លូវឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី វិនិយោគសាងសង់ស្ថានីយ ផលិតអគ្គិសនី អានុភាព៦០មេហ្គាវ៉ាត់ ដើរដោយពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ស្ពឺ គឺជាប្រភេទថាមពលថ្មីមួយទៀត ដែលនឹងចូលរួមចំណែកឆ្លើយតប តម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា។
អង្គសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់នេះមួយមាត្រាម្តងៗ ហើយជាចុងក្រោយ អង្គសភាបានអនុម័ត យល់ព្រមលើសេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន១០៤សំឡេង។
ចំពោះលទ្ធផលទំាងស្រុង នៃសម័យប្រជុំរដ្ឋសភា នាព្រឹកនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងចេញសេចក្តីប្រកាសព័ត៌មាន នៅក្រោយសម័យប្រជុំរដ្ឋសភាបានបញ្ចប់៕