ក្រុមបាល់ទះអង្គុយកម្ពុជា ប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីឈ្នះម្ចាស់ផ្ទះដ៏តឹងតែងមកនោះ
ភ្នំពេញ៖ល្ងាចថ្ងៃទី២សីហាម្សិលម៉ិញនេះក្រុមបាល់ទះអង្គុយជនពិការកម្ពុជាបានយកឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដ៏តឹងតែងបំផុត។
ការប្រកួតបានអូសបន្លាយរហូតដល់ទៅ៥សិតឯណោះដោយលទ្ធផលកម្ពុជាឈ្នះ
ឥណ្ឌូនេស៊ី៣សិតទល់២សិតក្នុងពិន្ទុ ២១ទល់២៥, ២៥ទល់១៥, ២១ទល់២៥, ២៥ទល់១៣, និង១៥ទល់១១។
ប្រធានក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាអ៊ូផល្លាមិននឹកស្មានថាក្រុមកីឡាករបាល់ទះអង្គុយជនពិការឥណ្ឌូនេស៊ីល្អហួសពីការគិត។ ការប្រកួតពិតជាតាន់តឹងខ្លាំងមែនទែន ដោយសារសិតទី១ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានយកឈ្នះហើយកម្ពុជាបានយកឈ្នះសិតទី២ដើម្បីតាមស្មើ ប៉ុន្តែនៅសិតទី៣ ឥណ្ឌូនេស៊ីបានយកឈ្នះនាំមុខ ២សិត១។ទោះបីជាយ៉ាងណា នៅសិតទី៤ និងទី៥ ក្រុមកម្ពុជាធ្វើបានល្អដើម្បីទទួលបានជ័យជម្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ប្រធានក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាបានប្រាប់ ឲ្យដឹងថា «និយាយទៅ មុនការប្រកួត ខ្ញុំគិតថា ស្រួលទេ តែដល់ពេលប្រកួតមិនដូចអ្វីដែលគិត។ យើងធ្វើអត់បានល្អ ព្រោះយើងប្រឹងពេក។ យើងប្រឹងទម្លាក់ ដោយសារធ្លាប់មើលគេលេង យើងគិតថា គេអន់។ យើងលេងវ៉ៃល្អ តែដល់ពេលទម្លាក់ទៅ យើងគាំងតែម្តងសិតទី១ ប៉ុន្តែនៅសិតទី២ យើងបានកែលំអ បានធ្វើឲ្យយើងល្អប្រសើរ»។
នៅសិតទី៣ក្រុមកម្ពុជាធ្វើមិនបានល្អដោយលេងខុសបច្ចេកទេសធ្វើឲ្យអាជ្ញាកណ្តាលចាប់ កំហុសផ្តល់ពិន្ទុឲ្យម្ចាស់ផ្ទះឥណ្ឌូនេស៊ីជាច្រើនលើក។ កីឡាករ អ៊ូផល្លាបានលើកឡើងថា យើងមើលវីដេអូឥណ្ឌូនេស៊ីលេងជាមួយថៃអត់ល្អដល់លេងជាមួយកម្ពុជាយើងល្អមែនទែន។គាត់ល្អទាំងគប់ល្អទាំងបារ៉ាស់ការពារអ្នកការពាររបស់គាត់ខ្ពស់។ប្លែកច្រើនមែនទែនពេលលេងជាមួយថៃ និងលេងជាមួយកម្ពុជាយើង។
នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជានឹងជាមួយក្រុមថៃ ថ្ងៃទី៤ ខែសីហាដើម្បីដណ្តើមមេដាយមាសខណៈម្ចាស់ផ្ទះឥណ្ឌូនេស៊ីត្រូវប្រកួតជាមួយមីយ៉ាន់ម៉ាដើម្បីដណ្តើមមេដាយសំរឹទ្ធ នៅថ្ងៃទី៣ ខែសីហា៕