ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិនម្នាក់ ត្រូវបានក្រុមជនល្មើសបាញ់សម្លាប់ , ក្រុមជនល្មើសជិះរថយន្តរត់គេចខ្លួន បុកបង្គោលភ្លើងស្លាប់ ២នាក់របួស ២នាក់

52

ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានក្រុមជនល្មើសចាក់ដោយកាំបិតចុងស្រួច រួចបាញ់សម្លាប់ដោយកាំភ្លើងខ្លី វេលាម៉ោងជាង១យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៩សីហា២០២២ នៅចំណុចឆ្នេអូត្រេះ (មុខសណ្ឋាគា៥២០ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

របាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា ក្រោយកើតហេតុជនបង្កនិងបក្សពួក ធ្វើសកម្មភាពរួចហើយ បានរត់គេចខ្លួនដោយជិះរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-6111 បើកចេញពីក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤ ស្របពេលនោះកម្លាំងសមត្ថកិច្ចចម្រុះក៏ធ្វើប្រតិបត្តិការពួនស្ទាក់និងតាមឃាត់រថយន្តនេះ ហើយពេលបើករត់មកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រថយន្តនេះដែលកំពុងបើករត់គេចក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ) ក៏ជ្រុលទៅបុកបង្គោលភ្លើងក្បែរទៅមុខលែងរួច។

ក្រោយការពិនិត្យសមត្ថកិច្ចឲ្យដឹងថា ក្នុងរថយន្តនេះមានមនុស្សជិះចំនួន០៤នាក់ ប្រុសទាំងអស់ (ជនជាតិចិន) ហើយដោយសារតែរថយន្តបុកផ្ទប់នឹងបង្គោលភ្លើងក្នុងស្ថានភាពធ្ងន់ធ្ងរ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តនេះ២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។ នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញកាំភ្លើងខ្លីចំនួន០១ដើម ម៉ាកCF,កាំបិតតូចចុងស្រួចប្រឡាក់ឈាម០១ដើម, ខ្នោះដៃ និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យចំនួន០២នាក់(ដែលរងរបួស) និងសាកសព២នាក់ទៀត បានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្តនិងស្រាវជ្រាវបន្ថែមពីសាវតារឿងហេតុនាំឲ្យមានអំពើបាញ់ប្រហារនេះ និងស្រាវជ្រាវពីអត្តសញ្ញាញទាំងជនរងគ្រោះនិងជនបង្កតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង