បញ្ហាគ្រឿងញៀន ជាបទ ឧក្រឹដ្ឋកម្មឆ្លងដែនចេញពីតំបន់ត្រីកោណមាស ត្រូវបង្កើនការយកចិត្តទុកដាក់ ធ្វើការបង្រ្កាប
សៀមរាប៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ការិយាល័យ ទំនាក់ទំនងព្រំដែន មិនមែនធ្វើការងារ តែការងារប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងគ្រឿងញៀនទេ យើងបានដាក់ចូលបន្ថែម ការងារផ្លាស់ប្តូរសភាពការណ៍ ក៏ដូចជា ផ្លាស់ប្តូរព័ត៌មាន ពីការរៀបចំក្រុមបណ្តាញជួញដូរគ្រឿងញៀន ដើម្បីឈានដល់ការបង្រ្កាបបទល្មើស បានទាន់ពេលវេលា។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វគ្គបណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់ជួរមុខ បម្រើការនៅការិយាល័យទំនាក់ទំនងព្រំដែន (BLO) ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសិក្ខាកាម ចូលរួមចំនួន៣៥នាក់ មកពីភាគីវៀតណាម ចំនួន១៥នាក់។
ក្នុងឱកាសនោះលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថ្លែង ការកោតសសើរដល់អង្គការសហប្រជាជាតិ ទទួលបន្ទុកការងារគ្រឿងញៀន និងឧក្រឹដ្ឋកម្ម (UNODC) ដែលបានខិតខំរៀបចំឲ្យមាន ជាវគ្គបណ្តុះបណ្តាលទប់ស្កាត់បទល្មើស ឆ្លងកាត់ព្រំដែន សម្រាប់មន្រ្តីអនុវត្តច្បាប់ជួរមុខ បម្រើការងារនៅការិយាល័យទំនាក់ទំនងព្រំដែន (BLO) ។ ជាមួយគ្នានេះ ដោយសារបញ្ហាគ្រឿងញៀន ជាបទ ឧក្រឹដ្ឋកម្មឆ្លងដែន យើងត្រូវតែបង្កើនការយកចិត្តទុកដាក់ ធ្វើការបង្រ្កាបទប់ស្កាត់ នូវលំហូរចូល-ចេញ ពីប្រទេសជិតខាងពិសេសពីតំបន់ត្រីកោណមាស ទៅរកទីផ្សារប្រើប្រាស់គ្រឿងញៀន។
ជាមួយគ្នានេះដែរ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានស្នើសុំ ១.អង្គការ UNODC គ្រូឧទ្ទេស និងមន្រ្តីមានបទពិសោធន៍ អនុវត្តជាក់ស្តែង ត្រូវធ្វើការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ពីការអនុវត្តជាក់ស្តែង នាពេលកន្លងមក និងពិចារណាតើយើងត្រូវប្រើនូវយន្តការអ្វី ធ្វើការទំនាក់ទំនងផ្លាស់ប្តូរព័ត៌មានទាំងនោះ។
២.អង្គការ UNODC ជួយកៀងរសម្របសម្រួលរៀបចំ ឲ្យមានវគ្គបណ្តុះបណ្តាលវិភាគព័ត៌មានបន្ថែមទៀត ដល់មន្រ្តី BLO និងសមត្ថកិច្ចអនុវត្តច្បាប់ និងធ្វើឲ្យស៊ីសង្វាក់គ្នាទាំង BLO កម្ពុជា-ឡាវ BLO កម្ពុជា-វៀតណាម BLO កម្ពុជា-ថៃ។
៣.សិក្ខាកាមទាំងអស់ ត្រូវតែយកចំណេះដឹង បទពិសោធន៍ទៅអនុវត្តពង្រឹងការងាររបស់ខ្លួនបង្រ្កាបបទល្មើសផ្សេងៗ មានទាំងគ្រឿងញៀន សត្វព្រៃជាដើម៕