ស៊ីហ្គេមឆ្នាំ២០២៣ នឹងងាកមកតាមគន្លង នៃស្ដង់ដារកីឡាវិញ ឯអង្គរវត្តជាកន្លែងសុំភ្លើង សម្រាប់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ៖ស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣នឹងងាកមករៀបចំតាមគន្លងនៃស្ដង់ដារកីឡាឡើងវិញបន្ទាប់ពីស៊ីហ្គេម២លើកចុងក្រោយបាត់បង់ស្ដង់ដារខ្លះព្រោះបញ្ហាជំងឺរាតត្បាតជាសកលកូវីដ-១៩។
នេះជាការលើកឡើងរបស់ឯកឧត្តមថោងខុនអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)ក្នុងកិច្ចប្រជុំ បានពិភាក្សាលើរបៀបវារៈសំខាន់ៗពីរកាលពីថ្ងៃទី៩សីហាម្សិលម៉ិញនេះ។
របៀបវារៈនៃកិច្ចប្រជុំនេះសំខាន់ផ្ដោតលើបញ្ហាចំនួន២គឺទី១-ពិនិត្យព្រះរាជពិធីសុំ
ភ្លើងអាទិទេពកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣និងពិធីរត់ភ្លើងគប់និងទី២-ពិនិត្យ
របាយការណ៍គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន។
ឯកឧត្តមបណ្ឌិតថោង ខុនអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រ
កួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ស៊ីហ្គេមនៅកម្ពុជា នឹងងាកមករៀបចំតាមគន្លង នៃស្ដង់ដារកីឡាឡើងវិញ បន្ទាប់ពីស៊ីហ្គេម ២លើកចុងក្រោយ បាត់បង់ស្ដង់ដារខ្លះ ព្រោះបញ្ហាជំងឺរាតត្បាតជាសកលកូវីដ-១៩។
ឯកឧត្តមអគ្គលេខាធិការវ៉ាត់ ចំរើនមានប្រសាសន៍ថា ពិធីសុំភ្លើងអាទិទេព គឺអនុវត្តតាម ស.ជ.ណ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជ្រើសយកសេណារីយ៉ូទី១ ដើម្បីរៀបចំព្រះរាជពិធីសុំភ្លើងអាទិទេព នៅប្រាសាទអង្គរវត្ត ដោយមានការបែងចែកតួនាទីភារកិច្ចគ្នា និងរៀបចំកម្មវិធីច្បាស់លាស់ ចាប់ពីថ្ងៃកម្មវិធី រហូតដល់ពិធីដង្ហែភ្លើងគប់ទាំងក្នុងនិងតាមបណ្ដាប្រទេសអាស៊ានដើម្បីបង្ហាញពីការខិតជិត
មកដល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
ឯកឧត្តមអគ្គលេខាធិការបន្ដថា នេះគឺជាចំណុចសំខាន់ ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ច្បាស់លាស់ថា យើងធ្វើជាគំរូមួយ ដែលស៊ីហ្គេមលើកមុនៗ (២លើកចុងក្រោយ) ដោយសារបញ្ហាកូវីដ-១៩ ធ្វើឲ្យបាត់បង់ស្ដង់ដារខ្លះ។
ហេតុនេះពេលនេះ យើងងាកមករៀបចំឲ្យត្រូវតាមគន្លង នៃស្ដង់ដារកីឡាឡើងវិញ។ យើងឃើញហើយថា ការរត់ភ្លើងគប់ ការយកភ្លើងគប់ នៅក្នុងទីស្ថានរបស់អាទិទេពមួយ ដែលមានភាពស័ក្ដិសិទ្ធិមានភាពជឿជាក់ថាហើយទីស្ថានអាទិទេពមានតែប្រាសាទអង្គរវត្ត
របស់យើងដែលល្បីល្បាញលើពិភពលោកក៏ដូចជាសម្រាប់ទីសក្ការៈនៃអាទិទេពសម្រាប់អាស៊ីអាគ្នេយ៍ទៀតផង។
ប្រទេសអាស៊ាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមក៏គេមើលឃើញ
ដូច្នេះដែរ។គេមើលឃើញថាកម្ពុជាបានរៀបចំត្រឹមត្រូវព្រោះមើលឃើញកន្លែងមានលក្ខណៈពិសេសត្រឹមត្រូវដែលអាស៊ានគួរយកធ្វើគំរូ។ប៉ុន្ដែនេះគ្រាន់តែយើងបង្ហាញនិងធ្វើជាគំរូគេប៉ុណ្ណោះ។
ប្រសិនបើជាក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍មើលឃើញភាពចាំបាច់សម្រាប់ប្រទេស
ផ្សេងៗថារាល់ស៊ីហ្គេមទាំងអស់ត្រូវមកយកភ្លើងគប់នៅហ្នឹង(ប្រាសាទអង្គរ)ដូចព្រឹត្តិការណ៍អូឡាំពិក ដែលទៅយកភ្លើងគប់នៅភ្នំអូឡាំព្យាដ នាប្រទេសក្រិចដូចគ្នា យើងនឹងស្វាគមន៍ យើងនឹងក្លាយជាប្រទេសដែលផ្ដើមចេញនូវគំនិតផ្ដួចផ្ដើមដ៏ល្អមួយ សម្រាប់មនុស្សជាតិ និងប្រទេសទាំងអស់ នៅក្នុងអាស៊ាន មិនមែនសម្រាប់តែកម្ពុជានោះទេ»។
ឯកឧត្តមបានចាត់ទុក នេះគឺជាចំណុចសំខាន់មួយ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម ដែលត្រូវរៀបចំតាមស្ដង់ដារពិសេសអនុវត្តតាមធម្មនុញ្ញរបស់ស៊ីហ្គេមដែលគោរពទៅតាមធម្មនុញ្ញរបស់អូឡាំពិក៕