តម្លៃប្រេងសាំងបន្តធ្លាក់ចុះ ក្រោយការប្រែប្រួល តម្លៃទីផ្សារប្រេងសកល និងកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល
ភ្នំពេញ៖ តម្លៃប្រេងសាំង បានបន្តធ្លាក់ចុះ ក្រោយការប្រែប្រួលតម្លៃទីផ្សារប្រេងសកល និងកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីរក្សាតម្លៃប្រែប្រួលប្រេងសាំងនៅទីផ្សារកម្ពុជា ក្នុងកម្រិតស្តង់ដារួមមួយ ដែលបានកំណត់វាយតម្លៃដោយអន្តរក្រសួងពាក់ព័ន្ធ។
នេះគឺជាជុំទីបួនហើយ នៃការធ្លាក់ចុះនៃតម្លៃទីផ្សារប្រេងសាំងនៅក្នុងទីផ្សារកម្ពុជា ដោយ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៦៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា និង ៥,០០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។
បើប្រៀបធៀបនឹងតម្លៃដែលក្រសួងបានអនុវត្តកាលពី១០ថ្ងៃមុន (ថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា) ឃើញថា តម្លៃប្រេងសាំងបានចុះថ្លៃចំនួន ១០០ រៀល ខណៈប្រេងម៉ាស៊ូតបានចុះថ្លៃ ១៥0 រៀល ។ ជាក់ស្តែង តម្លៃលក់រាយប្រេងសាំងដែលក្រសួងដាក់អនុវត្តកាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា តម្លៃ ៤.៧៥០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៥,១៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឲ្យដឹងថា ការបន្តធ្លាក់ចុះនៃតម្លៃ ប្រេងសាំងក្នុងទីផ្សារកម្ពុជា គឺដោយសារការប្រែប្រួលតម្លៃប្រេងសកល និងការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសអ្នកផលិតមានការកើនឡើង ដែលធ្វើឲ្យតម្លៃប្រកួតប្រជែងសកលមានការប្រែប្រួល ចំណែកតម្លៃដើមនៃការនាំចូលមកកាន់ទីផ្សារកម្ពុជាក៏មានការថយចុះ។
គួរបញ្ជាក់ថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិវិញ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់ទី២០ ខែសីហា ឆ្នាំ២០២២ នឹងត្រូវលក់ ៤,៩១៦ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង ៥,២៦៦ សម្រាប់ប្រេងម៉ាស៊ូត រៀលក្នុងមួយលីត្រ ឯណោះ។ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕ . សំរិត