កម្ពុជានឹងមានភ្លៀងធ្លាក់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ពីកម្រិតតិចទៅបង្គួរ និងច្រើនដោយអន្លើ ចាប់ពីថ្ងៃទី១៥-១៩ សីហា
ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញលិខិតសេចក្តីជូនដំណឹងលេខ ពិសេស ធទឧ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ ស្តីពីស្ថានភាពអាកាសធាតុ បានឲ្យដឹងថា យោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
លិខិតដដែលបានឲ្យដឹងទៀតថា លក្ខណៈបែបបនេះនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ។ ស្ថិតក្នុងស្ថានភាពបែបនេះអាចធ្វើឲ្យបណ្តា តំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមកទទួលបាននូវបរិវេណទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀងសាជាថ្មី មានជាអាទិ៍ ៖ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ ៕