វ៉ូវីណាមដាក់កាលបរិច្ឆេទ សម្រាប់ការប្រកួតជើងឯកជាតិ
ភ្នំពេញ៖សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានកំណត់នូវកាលបរិច្ឆេទហើយសម្រាប់ការប្រកួតជើងឯកជាតិនាឆ្នាំនេះ។
តាមការគ្រោងទុកនោះការប្រកួតដែលគ្រោងនឹងធ្វើនៅអគារដំបូលទូកនៃសាកលវិទ្យាល័យភ្នំពេញនោះនឹងមានរយៈពេល៣ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១៧ដល់១៩កញ្ញា២០២២។នេះជាការប្រកួតមួយដែលប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។
បើតាមការឲ្យដឹងពីលោកយ៉ាំ ថៃសាន់ដែលជាអគ្គលេខាធិការសហព័ន្ធនោះថាការប្រកួតមានចំនួន១៨វិញ្ញាសា ។
វិញ្ញាសាផ្នែកមេគុនឯកត្តជនពេញវ័យមាន៩ប្រភេទដោយនារីមាន៤ប្រភេទគឺឡុងហួង្វៀង ថាប់ថឺង្វៀង មេគុនដាវ និង កាំបិតធំ ។សម្រាប់បុរសមាន៥ប្រភេទនោះគឺថាប់ថឺង្វៀងមេគុនដាវ កាំបិតធំ ងួនមួងង្វៀន និង ដំបង ។
វិញ្ញាសាមេគុនអាយុក្រោម១៦ឆ្នាំមានតែ២ប្រភេទប៉ុណ្ណោះគឺឡុងហូង្វៀង សម្រាប់នារីនិងបុរស ។
វិញ្ញាសាប្រយុទ្ធមាន៧វិញ្ញាសាដោយនារីមាន៣វិញ្ញាសាសម្រាប់ប្រភេទអាយុ១៤ឆ្នាំគឺប្រភេទទម្ងន់៥១ដល់៥៥គីឡូក្រាម ទម្ងន់៥៥ដល់៦០គីឡូក្រាម និងទម្ងន់៥១ដល់៦០គីឡូក្រាម ។ប្រយុទ្ធបុរសមាន៤ប្រភេទទម្ងន់គឺ៥១ដល់៥៥គីឡូក្រាម ៦០ដល់៦៤គីឡូក្រាម ៦៤ដល់៦៨គីឡូក្រាម និង ៥១ដល់៦៨គីឡូក្រាម ។
សមាគម ឬ ក្លិប មានសិទ្ធចុះឈ្មោះកីឡាករ កីឡាការិនីបានតែ១រូប ឬ ១ក្រុមក្នុងមួយ
វិញ្ញាសាព្រមទាំងមានអាយុចាប់ពី១៣ដល់៣៥ឆ្នាំជាមួយគ្នានោះក្នុងម្នាក់ចូលរួមប្រកួតបានតែ២វិញ្ញាសាហើយមួយសមាគម ឬក្លិបអនុញ្ញាតឲ្យចូលរួមប្រកួតបានតែ៨រូបប៉ុណ្ណោះ ។
មានតែវិញ្ញាសាប្រយុទ្ធតែមានគត់ត្រូវបានកំណត់ចំណាត់ថ្នាក់លេខ១ លេខ២ និង
លេខ៣ស្ទួនសម្រាប់វិញ្ញាសាដទៃទៀតគ្មានចំណាត់ថ្នាក់លេខ៣ស្ទួននោះទេមានតែលេខ៣ម្នាក់គត់ ៕