ផ្សព្វផ្សាយយុទ្ធនាការទាំង៥ សម្រាប់ដំណើរឆ្ពោះទៅ ស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖ថ្ងៃទី១៦សីហាម្សិលម៉ិញនេះគណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារព្រមទាំងកំណត់ផែនការសកម្មភាពការងារនិងទិសដៅអនុវត្តការងារបន្ដរបស់គណៈកម្មការវប្បធម៌បរិស្ថាននិងអប់រំកីឡាដែលដឹកនាំដោយឯកឧត្តមបណ្ឌិតថោងខុននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគណៈកម្មការវប្បធម៌បរិស្ថាននិងអប់រំកីឡាពង្រឹងការផ្សព្វផ្សាយអំពីយុទ្ធនាការទាំង៥ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំក្រោយរួមមានយុទ្ធនាការ កីឡារស់ក្នុងសន្ដិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន។
កិច្ចប្រជុំថ្ងៃនេះឯកឧត្តមរដ្ឋមន្ដ្រីបានដឹកនាំនិងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការវប្បធម៌បរិស្ថាននិងអប់រំកីឡា។អ្វីដែលសំខាន់ឯកឧត្តមបានផ្តោតទៅលើយុទ្ធនាការ
ទាំង៥ដើម្បីបញ្ជ្រាបពត៌មានដល់បងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់បានយល់ដឹងអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ហើយចូលរួមយុទ្ធនាការនេះទាំងអស់គ្នាពិសេសការរៀបចំ
សណ្ដាប់ធ្នាប់ អនាម័យ និងផ្ទះសម្បែងពួកគាត់ឲ្យបានស្អាត រួមជាមួយការរៀបចំម្ហូបអាហារ និងសេវាកម្មផ្សេងៗ ឲ្យបានល្អ សម្រាប់ត្រៀមទទួលបដិសណ្ឋារកិច្ចប្រកបដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់។
លើសពីនេះ ឯកឧត្តមអនុប្រធានអចិន្ដ្រៃយ៍ បានជំរុញឲ្យគណៈកម្មការរបស់យើង យកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយអំពីបទចម្រៀងសម្រាប់អបអរសាទរព្រឹត្តិការណ៍ស៊ី
ហ្គេមដើម្បីធ្វើការផ្សព្វផ្សាយផងដែរព្រោះបទចម្រៀងអាចមានសក្ដានុពលនិងជ្រួតជ្រាបទៅ
ដល់មហាជនទាំងអស់ មានន័យថា ក្នុងចំណោមប្រជាពលរដ្ឋ ក៏ដូចជាយុវជនទាំងអស់ គាត់មើលទូរទស្សន៍ គឺគាត់អាចយល់អំពីកីឡា ថាកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ទាំងអស់នេះគឺជាការរួមចំណែកក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ហើយក្ដោបរួមនៅក្រោមពាក្យស្លោករបស់យើង គឺកីឡារស់ក្នុងសន្ដិភាព។
ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការខាងលើ ទៅដល់គ្រប់ច្រកល្ហក និងស៊ីជម្រៅ ពិសេសគោលដៅធំៗទាំង៥ ដែលត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមរួមមានរាជធានីភ្នំពេញ ខេត្តសៀមរាបខេត្តព្រះសីហនុខេត្តកំពតនិងខេត្តកែបក្រោមកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីសម្រួចគោលដៅតំបន់ត្រូវផ្សព្វផ្សាយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង បន្ទាប់ពីកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕