ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការសាកល្បងប្រើប្រាស់ បារីអេឡិចត្រូនិច និងក្លាយជាអ្នកប្រើប្រាស់គ្រឿងញៀន នាពេលអនាគត

271

 

ភ្នំពេញ៖ លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបញ្ជាក់ថា ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឱ្យក្រុម មនុស្សវ័យ ជំទង់ និងកុមារ ក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត់។

លោក មាស វីរិទ្ធ បានលើគឡើងដូចនេះនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិតីបើកសិក្ខាសាលាស្តីពី ការរឹតបន្តឹងការហាមឃាត់ ការប្រើប្រាស់ការនាំចូលនិងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTP) ដែលបានរៀបចំឡើងនៅអគារសាលាមធ្យមសិក្សាវិចិត្រសិល្បះ ភ្នំពេញថ្មី ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) , តំណាងស្ថាប័ន អង្គភាព គយនិងរដ្ឋាករកម្ពុជា នគរបាលប្រឆាំងគ្រឿងញៀន នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នគរបាលអន្តោប្រវេសន៍ កម្មាធិការជាតិប្រឆាំងផលិតផលក្លែងក្លាយ រួមទាំងមន្ត្រីជំនាញជាច្រើនរូប ទៀត។

លោក មាស វីរិទ្ធ បានថ្លែងដូចនេះថា «ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមមនុស្សវ័យជំទង់ និងកុមារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បង ប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យក្រុមមនុស្សវ័យជំទង់ និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀត នាពេលអនាគត»។

លោក មាស វីរិទ្ធ បានបន្ថែមទៀតថា មានភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាពបណ្ដាលឲ្យញៀន បង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ ការប៉ះពាល់ដល់សុខភាពក្រុមមនុស្សវ័យជំទង់ និងកុមារនេះវាជាការប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់ធនធានមនុស្សរបស់ កម្ពុជា ដែលពួកគេទាំងនោះគឺជាមនុស្សបន្តវេនក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជានាថ្ងៃខាងមុខ។

លោកបានបន្ថែមថា បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅពេលប្រើប្រាស់បារីអេឡិចត្រូនិក សារធាតុគីមីនិងជាតិនីកូទីន ត្រូវបានស្រូបចូលទៅក្នុង រាង្គកាយ ហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ អ្នកជំនាញកំពុងព្រមានថា អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាច្រើនកំពុងវិវត្តន៍ស្ថានភាពក្នុងអត្រាប្រកាស អាសន្នជាពិសេសនៅវ័យក្មេង។

លោក មាស វីរិទ្ធ បានបញ្ជាក់ឱ្យដឹងទៀតថា ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចយ៉ាងណាក្ដី នៅពេលថ្មីៗនេះនៅតែមានការចែកចាយ ការលក់ និងការ ប្រើប្រាស់បារីអេឡិចត្រូនិក (vape) នៅតែមានសកម្មភាពបន្តដដែល ដែលទង្វើទាំងនេះជាការប្រព្រឹត្តបទល្មើសទៅនឹងសេចក្ដីណែនាំរបស់របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ការការប្រើប្រាស់ធ្វើអាជីវកម្ម ការនាំចូល ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច (E-cigarette) តាំងពីឆ្នាំ២០១៤ និងហាមឃាត់ការ ការប្រើប្រាស់ ធ្វើអាជីវកម្ម ការនាំចូលផលិតផល អេចស៍ ធី ភី (HTPs) នៅឆ្នាំ២០២១។

ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត កងរាជអាវុធហត្ថរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តការចាត់វិធានការឱ្យបានម៉ឺនម៉ាត់លើការប្រើប្រាស់ ការផ្សព្វផ្សាយលក់តាមរយៈបណ្តាញព័ត៌មានសង្គមគ្រប់ទម្រង់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់រូបភាព។ ត្រូវកំណត់ទីតាំងចែកចាយ និងកំណត់មុខសញ្ញាអ្នកផ្សព្វផ្សាយលក់តាមទំព័រហ្វេសប៊ុក គេហទំព័រ ប្រព័ន្ធតេលេក្រាម TIK TOK ។ល។ ដើម្បីមានវិធានការ រឹបអូសផលិតផលទាំងនេះ និងព្រមានម្ចាស់ទំនិញទាំងនេះឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង