ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៤វិញ្ញាសាដ៏មានសក្ដានុពល ដែលកីឡារាំត្រៀម សម្រាប់ឆ្នាំ២០២៣

121

ភ្នំពេញ៖សម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះសន្ទស្សន៍មេដាយដែលគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(Camsoc)ដាក់ជូនសហព័ន្ធកីឡារាំត្រូវដណ្តើមឲ្យបានមេដាយមាស១គ្រឿង ជូនកម្ពុជា។
ជាមួយនឹងការដាក់សន្ទស្សន៍បែបនេះសហព័ន្ធកីឡារាំកម្ពុជាបានត្រៀមវិញ្ញាសាចំនួន១៤សម្រាប់ប្រកួត។លោកស្រីហង្សស៊ីម៉នអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា វិញ្ញាសាទាំងអស់នេះសុទ្ធតែមានសក្តានុពលសម្រាប់ការដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជា ស្របតាមការកំណត់ទិសដៅ និងមានផែនការច្បាស់លាស់។

លោកស្រីបន្តថាក្រោយបញ្ចប់បេសកម្មស៊ីហ្គេមនៅវៀតណាមកីឡាករកីឡាការិនីមានសិទ្ធផល និងគុណផលកើនឡើងខ្លាំងគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន។ ដូច្នេះសហព័ន្ធកីឡារាំកម្ពុជា បានត្រៀមដាក់១៤វិញ្ញាសា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ គឺចង្វាក់ Latin Dance និង Standard Dance មាន១២វិញ្ញាសា ហើយចង្វាក់ Break Dance មាន២វិញ្ញាសា។

វិញ្ញាសាទាំងអស់នេះមានសក្តានុពលខ្ពស់ក្នុងការទទួលបានមេដាយដោយសារសហព័ន្ធមានផែនការច្បាស់លាស់ គឺតម្រូវឲ្យកីឡាករ កីឡាការិនីចង្វាក់ Latin Dance ហ្វឹកហាត់តែវិញ្ញាសា Latin Dance ខណៈចង្វាក់ Standard Dance ហ្វឹកហាត់តែ Standard Dance និង Break Dance ហ្វឹកហាត់តែ Break Dance តែប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ សហព័ន្ធគ្រោងនឹងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសចិន អំឡុងខែសីហាឬខែកញ្ញាខាងមុខនេះតាមរយៈសហព័ន្ធកីឡារាំអាស៊ីដែលជួយទំនុកបម្រុង
ទាំងការស្នាក់នៅហូបចុករយៈពេល២ខែ។បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នៅចិនសហព័ន្ធគ្រោងស្នើសុំគ្រូកម្រិតខ្ពស់ មកបង្ហាត់ដល់ក្រុមជម្រើសរើសជាតិបន្តទៀត។
លោកស្រីអគ្គលេខាធិការ បានបញ្ជាក់ថា ការហ្វឹកហាត់នៅក្រៅប្រទេស និងមានគ្រូកម្រិតខ្ពស់មកបង្វឹក បូករួមទាំងមានការប្រកួតច្រើនទាំងកម្រិតជាតិ និងអន្តរជាតិ សហព័ន្ធមានក្តីរំពឹងខ្ពស់ថា នឹងទទួលបានមេដាយ លើចង្វាក់ Latin Dance វិញ្ញាសា Jive, Paso Dable, Cha Cha និង Samba ។
ចំពោះចង្វាក់ Standard Dance វិញ មានវិញ្ញាសា Slow Foxtrot ដោយការប្រកួតស៊ីហ្គេម នៅវៀតណាម ទទួលបានចំណាត់លេខ៤ និង Quick Step។ ដោយឡែកចង្វាក់ Break Dance ក៏សង្ឃឹមខ្ពស់ដែរ ដោយសារជាវិញ្ញាសាអូឡាំពិក ហើយកម្ពុជាមានក្លឹប និងធនធានច្រើន។

ក្រៅពីផ្តោតលើអត្តពលិក សហព័ន្ធក៏យកចិត្តទុកដាក់លើចៅក្រម អាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេសដើម្បីត្រៀមស៊ីហ្គេមតាមរយៈការបើកវគ្គបណ្តុះបណ្តាលចៅក្រមកម្រិត
មូលដ្ឋានដើម្បីត្រៀមរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនាខែតុលាខាងមុខនិងការចូលរួមប្រកួតកម្រិតអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជា កំពុងត្រៀមអត្តពលិក១០រូបគឺ កីឡាករ៥រូប និងកីឡាការិនី៥រូប លើ១៤វិញ្ញាសា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបើតាមសន្ទស្សន៍របស់Camsocដាក់ជូនសហព័ន្ធកីឡារាំត្រូវដណ្តើមឲ្យបានមេដាយមាស១គ្រឿង ជូនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង