ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាហុកគីនារីកម្ពុជា បញ្ចប់បេសកកម្ម ក្នុងព្រឹត្តិការណ៍ Women’s Indoor Hockey Asia Cup 2022នៅប្រទេសថៃ

159

ភ្នំពេញ៖ក្រុមកីឡាជម្រើសជាតិនារីហុកគីកម្ពុជាបានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍
(Women’s Indoor Hockey Asia Cup 2022) គឺលើវិញ្ញាសាហុកគី ក្នុងសាល (Indoor Hockey) នៅប្រទេសថៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ហើយ។
ក្នុងចំណោម៩ក្រុមដែលបានចូលរួមនោះក្រុមកីឡាហុកគីនារីកម្ពុជា ឈរនៅលេខ៨ ។
ការប្រកួតបែងចែកជា ២ពូល។ កម្ពុជា ស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះថៃ, ម៉ាឡេស៊ី និងសិង្ហបុរីចំពោះពូល A មាន កាហ្សាក់ស្ថាន, ឥណ្ឌូនេស៊ី, អ៊ីរ៉ង់, ឆាយនីសតៃប៉ិ និងប៉ាគីស្ថាន។

ឆ្លងកាត់ការប្រកួត ៣ប្រកួត ក្នុងពូល នារីកម្ពុជា ឈ្នះ១ (ឈ្នះសិង្ហបុរី ៣ទល់០) និងចាញ់២ (ចាញ់ម៉ាឡេស៊ី ១៤ទល់១និង ចាញ់ថៃ ០ទល់៥) ឈរលេខ៣ ក្នុងពូល និងត្រូវប្រកួតដើម្បីដណ្ដើមចំណាត់ថ្នាក់ចន្លោះលេខ៥ ដល់លេខ៨ ដោយជួបក្រុមលេខ៤ ពូល B ឆាយនីសតៃប៉ិ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជាលទ្ធផលកម្ពុជា រងបរាជ័យ ២ទល់៣ ដូច្នេះត្រូវប្រកួតយកចំណាត់ថ្នាក់លេខ៧ ជួបសិង្ហបុរី ប៉ុន្តែបានចាញ់ក្នុងលទ្ធផល ០ទល់២ នាំឲ្យទទួលបានចំណាត់ថ្នាក់លេខ៨។

នេះមិនមែនជាលទ្ធផលសមប្រកបនោះទេប៉ុន្តែក្រុមនារីហុកគីកម្ពុជាទទួលបានការកោតសរសើរ ពីប្រទេសដែលចូលរួមនេះបើតាមការបញ្ជាក់ដោយ លោក Rana Asif Maqsood គ្រូបង្វឹកនៃក្រុមជម្រើសជាតិនារីហុកគីកម្ពុជា។
ទម្រង់លេងរបស់ក្រុមកម្ពុជាគឺអស្ចារ្យ។ក្រុមរបស់កម្ពុជាមានការអភិវឌ្ឍច្រើនទោះបី
កម្ពុជាមិនមានទីលានហ្វឹកហាត់ត្រឹមត្រូវក៏ដោយ។គ្រូបង្វឹកសញ្ជាតិប៉ាគីស្ថានរូបនេះបាន
សង្កត់ធ្ងន់ថាប្រទេសជាច្រើនបានភ្ញាក់ផ្អើលដែលកម្ពុជាវិវឌ្ឍខ្លួនបានលឿនយ៉ាងដូច្នេះបើធៀបទៅនឹងការប្រកួតក្នុងព្រឹត្តិការណ៍មុនៗ។

ហុកគី ក៏ជាកីឡាដែលនឹងដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ដោយមានវិញ្ញាសាចំនួន២ ពោលគឺវិញ្ញាសានារីក្រៅសាល (Field Hockey) និងវិញ្ញាសានារីក្នុងសាល (Indoor Hockey) ស្របពេលដែលវិញ្ញាសាបុរស ពុំត្រូវបានដាក់បញ្ចូលនោះ។
អគ្គលេខាធិការសហព័ន្ធហុកគីកម្ពុជាលោកកាំងសុធាបានសម្ដែងការពេញចិត្តជាមួយសិទ្ធផលនិងជឿជាក់ថានេះជាសញ្ញាដែលបង្ហាញពីហុកគីនារីកម្ពុជាកំពុងមានដំណើរវិវឌ្ឍទៅរកផ្លូវវិជ្ជមាន។

លោកមានជំនឿចិត្តថាសិទ្ធផលពីព្រឹត្តិការណ៍នេះនឹងជួយបង្កើនទំនុកចិត្តដល់កីឡាការិនីកម្ពុជាសម្រាប់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជាជាពិសេសស្របទៅតាមគោលដៅក្នុងការចង់ឈ្នះមេដាយមាស ឲ្យបាន ១គ្រឿង ក្នុងចំណោម ២វិញ្ញាសាខាងលើ។
កីឡាហុកគី ធ្លាប់ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចំនួន ២លើក រួចមកហើយ ពោលគឺក្នុងស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី មាន ៣វិញ្ញាសា (ក្នុងសាល ក្រៅសាល និងលើទឹកកក) លើកទី៣០ ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន មាន ២វិញ្ញសា (ក្នុងសាល និងលើទឹកកក)។
ចំពោះកម្ពុជា ចូលរួមលើកដំបូងនៅឆ្នាំ២០១៩ លើវិញ្ញាសានារីក្នុងសាល ក្នុងចំណោម ៥ប្រទេស ខណៈលទ្ធផលប្រកួតបញ្ចប់ទៅដោយឈរនៅលេខ៥ ក្រោយប្រកួត៤ដង មិនដែលឈ្នះ ស្មើ១ និងចាញ់៣៕

 

អត្ថបទដែលជាប់ទាក់ទង